ថ្ងៃទី
អភិបាលខេត្តព្រះសីហនុ ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយអំពីស្ថានភាពអាកាសធាតុដល់ភ្ញៀវទេសចរ ប្រជាពលរដ្ឋនិងប្រជានេសាទឱ្យមានប្រសិទ្ធភាព ខណៈដែលលទ្ធផលនៃការព្យាករអាកាសធាតុ បានបង្ហាញថា ចាប់ពីថ្ងៃទី២៨ខែកញ្ញានេះតទៅ ខេត្តព្រះសីហនុនឹងមានភ្លៀង ខ្យល់ និងរលកខ្ពស់ៗ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ការធ្វើដំណើរនៅលើផ្ទៃសមុទ្រ ។
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងតាមរយៈសារជាសំឡេងថា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ខេត្តព្រះសីហនុអាចនឹងមានភ្លៀងធ្លាក់ក្នុងកំរិតពីមធ្យមទៅច្រើន លាយឡំទៅដោយ រន្ទះ ផ្គរ និងខ្យល់កន្ត្រាក់ ជាពិសេសនៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងលាយឡំនិងខ្យល់បក់បោកខ្លាំង រលកសមុទ្រខ្ពស់ ដែលទាមទារប្រជានេសាទ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋទូទៅ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិមួយនេះ ។
ឯកឧត្តមបានបន្តថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវរួមគ្នានិងយកចិត្តទុកដាក់ជាពិសេស ក្នុងការធ្វើយ៉ាងណាផ្សព្វផ្សាយឱ្យបានទូលំទូលាយនិងមានប្រសិទ្ធភាពបំផុត ដល់ប្រជាពលរដ្ឋ ប្រជានេសាទ ជាពិសេសភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដើម្បីជៀសវាងមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ។ ក្នុងនោះ ម្ចាស់ទូក កាណូត និងប្រជាពលរដ្ឋ ក៏សូមចូលរួមអនុវត្តតាមការផ្សព្វផ្សាយនេះ ឱ្យមានប្រសិទ្ធភាពទាំងអស់គ្នា ។
« ខ្ញុំស្នើសុំឱ្យមានការយកចិត្តទុកដាក់លើការងារ២យ៉ាង ទីមួយ សូមឱ្យមានការជួយណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋ ប្រជានេសាទ អ្នកដំណើរទាំងឡាយ ម្ចាស់ទូក កាណូត គឺសូមឱ្យផ្អាកការធ្វើដំណើរតាមផ្លូវសមុទ្រទៅតាមកោះ ដែលអាចជួបហានិភ័យឬមានហានិភ័យអ្វីមួយកើតឡើង ដូច្នេះសូមយកចិត្តទុកដាក់ ទីពីរ ចំពោះបងប្អូនប្រជានេសាទដែលពេលនេះបានចេញទៅនេសាទនៅតាមកោះឬក៏ក្នុងលំហសមុទ្រ សូមឱ្យអាជ្ញាធរខិតខំរកមធ្យោបាយជូនដំណឹងទៅដល់ពួកគាត់ ដើម្បីអាចទៅរកទីទួលសុវត្ថិភាពតាមកោះឬក៏ឡើងមកគោកវិញឱ្យបានទាន់ពេលវេលា និងត្រៀមឧបករណ៍សុវត្ថិភាព ដូចជាអាវពោងជាដើម បើសិនជាគាត់នៅឆ្ងាយពីទីកោះឬនៅក្នុងពេលធ្វើដំណើរមកដីគោកវិញព្រោះខ្លាចក្នុងអំឡុងពេលធ្វើដំណើរនោះ ជួបជាមួយឧបសគ្គហានិភ័យរលកខ្យល់ខ្លាំង » ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ស្ដីពីស្ថានភាពអាកាសធាតុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៨ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា នៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ប្រទេសកម្ពុជាបន្តទទួលរងឥទ្ធិពលពីព្យុះទី១៦ ឈ្មោះណូរុ ដែលព្យុះនេះនឹងចូលមកលើប្រទេសវៀតណាមភាគកណ្តាលនៅវេលាម៉ោងមួយយប់ ថ្ងៃទី២៨ ក្នុងកម្រិតជា (STS) រួចបន្ថយឥទ្ធិពលទៅជាវិសម្ពាធ (TD) ចូលមកលើអាងទន្លេមេគង្គ មុននឹងថមថយឥទ្ធិពលទៅជាសម្ពាធទាប (LOW) ។ បន្ទាប់មកប្រទេសកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌានិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ៕


