ចេញផ្សាយ ថ្ងៃទី
ស្ទឹងត្រែង ៖រដ្ឋមន្ត្រីក្រសួងបរិស្ថានតម្រូវឱ្យមន្ត្រីផ្នែកបរិស្ថាននៅតាមស្នាក់ការនីមួយៗ ក្នុងខេត្តស្ទឹងត្រែង ធ្វើជាគំរូក្នុងការដាំកូនឈើប្រណិត នៅតាមតំបន់ព្រៃរេចរឹល ដើម្បីធ្វើជាគំរូបង្ហាញ ដល់ប្រជាពលរដ្ឋនៅតាមភូមិឃុំឱ្យស្រឡាញ់ព្រៃឈើ និងរួមគ្នាអភិរក្សធនធានព្រៃឈើដែលមានស្រាប់។
ក្នុងពិធីដាំកូនឈើប្រណិតនៅ បរិវេណទីស្នាក់ការរងទួលត្បែង ក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅឃុំ ស្រុកសៀមបូក ខេត្តស្ទឹងត្រែងកាលពីថ្ងៃទី២០កញ្ញា ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ការដាំកូនឈើប្រណិតនេះបានបង្ហាញពីសកម្មភាពការពារផងនិងពង្រីកការដាំដុះផង ដើម្បីឱ្យប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋានរបស់ខ្លួន កាន់តែស្រឡាញ់ធនធានធម្មជាតិដែលមានស្រាប់។
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមថា៖ការធ្វើបែបនេះគឺយើងត្រូវការកម្លាំងរួម ព្រោះបើចាំតែមន្ត្រី បរិស្ថានមួយផ្នែក យើងមិនអាចអភិរក្សសម្បត្តិធនធានធម្មជាតិរបស់យើងបានល្អប្រសើរទេ លុះត្រាតែ ប្រជាពលរដ្ឋយើងបានរួមគ្នាជួយ ទើបយើងសន្មត់បានថាកិច្ចការពារអភិរក្សធនធានធម្មជាតិ នៅតាម តំបន់នីមួយៗរបស់យើង អនុវត្តទៅមានប្រសិទ្ធភាព។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា៖ជាមួយនិងការសម្រេចបានលទ្ធផលល្អនេះ យើងក៏ដាស់តឿនឱ្យប្រជាពលរដ្ឋ យើង កែប្រែឥរិយាបថ ខិតខំចិញ្ចឹមសត្វ ដាំដុះដំណាំរួមផ្សំ ធ្វើការងារកសិកម្មឱ្យបានច្រើន ជំនួសការពឹង ផ្អែកទៅលើការដើររកផលអនុផលព្រៃឈើ ។
លោក នួនពិសី នាយករងដែនជម្រកសត្វព្រៃ ព្រៃឡង់ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖មន្ត្រីផ្នែកបរិស្ថាននៅតាមស្នាក់ការនីមួយៗនឹងបង្កើនការអនុវត្តន៍តាមការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ព្រោះបច្ចុប្បន្ននេះបងប្អូនប្រជាពលរដ្ឋយើងភាគច្រើនបានយល់ដឹងហើយ នៅសេសសល់តិចតួច យើងអប់រំគាត់បន្ថែម។
លោកបន្តថា៖នៅពេលដែលមន្ត្រីបរិស្ថានបានធ្វើកិច្ចការងារដាំដុះឈើប្រណិតគ្រប់ប្រភេទ និងការ ចិញ្ចឹមសត្វផងនោះ បានធ្វើឱ្យប្រជាពលរដ្ឋយើងនៅតាមគ្រួសារនីមួយៗមើលឃើញនិងអនុវត្តតាម
(សំឡេង)ទីមួយធ្វើឱ្យគាត់រលឹកឡើងវិញ ត្រឡប់មក ដាំដុះ ហើយការចិញ្ចឹមគោហ្នឹងក៏ជា លទ្ធផលល្អ សម្រាប់ឱ្យពួកគាត់ឃើញ ឱ្យគាត់វិលត្រឡប់មកចិញ្ចឹមសត្វវិញអ៊ីចឹងទៅ ដើម្បីកាត់បន្ថយការចូលព្រៃ ឈប់ទៅបរបាញ់សត្វ និងឈប់ចូលទៅកាប់ឈើ។ឈប់ចូលទៅអាស្រ័យផល ព្រៃឈើ ក្នុងព្រៃឈើ ដែលបង្កឱ្យគាត់មាន ទោសទណ្ឌ ជួបឧបសគ្គគ្រោះថ្នាក់អីអ៊ីចឹងទៅ។
សូមបញ្ជាក់ថា៖ដែនជម្រកសត្វព្រៃ. ព្រៃឡង់ត្រូវបានការពារយ៉ាងម៉ឺងមាត់ ព្រោះនៅខេត្តស្ទឹងត្រែង តំបន់នេះស្ថិតនៅភូមិសាស្ត្រឃុំសៀមបូកក្នុងស្រុកសៀមបូកមានផ្ទៃដី១២១.៩០៣ហិកតា ជាប់ទៅនឹងទឹកដីខេត្តក្រចេះ និងខេត្តព្រះវិហារ ៕




