ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងស្រុកក្រឡាញ់
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងស្រុកក្រឡាញ់

 ចេញផ្សាយ ថ្ងៃទី 

(សៀមរាប)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីវេលាម៉ោងប្រមាណ១២ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ អមដំណើរដោយលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត អាជ្ញាធរស្រុកក្រឡាញ់ និងមន្ត្រីពាក់ព័ន្ធក្នុងខេត្ត និងស្រុកជាច្រើនរូបទៀត ។ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា ដោយអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋទូទៅ បើទោះបីជាពេលនេះសម្តេចតេជោ ហ៊ុន សែន កំពុងបេសកកម្មនៅក្រៅប្រទេសក៏ពិតមែន តែសម្ដេចនៅតែគិតគូយកចិត្តទុកដាក់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាប់ជានិច្ច  ជាពិសេសនៅក្នុងអំឡុងពេលដែលកំពុងកើតមានគ្រោះទឹកជំនន់នេះ ដើម្បីត្រៀមជួយសង្គ្រោះឲ្យបានទាន់ពេលវេលា ។ លោក នួន គ្រឹស្នា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប មានប្រសាសន៍ថា ទឹកជំនន់នៅក្នុងស្រុកក្រឡាញ់នៅពេលនេះ គឺទទួលជំនន់ទឹកភ្លៀងមកពីខាងស្រុកស្រីស្នំ ខេត្តសៀមរាប គួបផ្សំទៅនឹងទឹកភ្លៀងក្នុងស្រុក ដែលមានរយ:ពេលច្រើនថ្ងៃជាប់ជាប់គ្នាផងនោះ បានបង្កើតឲ្យមានទឹកជំនន់នាពេលនេះ ប៉ុន្តែប្រសិនបើមិនមានភ្លៀងធ្លាក់បន្ថែមទៀតទេនោះ ទឹកជំនន់នៅក្នុងស្រុកនេះ នឹងស្រកចុះក្នុងរយ:ពេលពីរបីថ្ងៃទៀត ។ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះមក ជំនន់ទឹកភ្លៀងបានបណ្តាលឱ្យប៉ះពាល់ដល់ស្រុកចំនួន៨ រួមមាន ៖ ស្រុកស្រីស្នំ, ស្រុកក្រឡាញ់, ស្រុកជីក្រែង, ស្រុកអង្គរជុំ, ស្រុកវ៉ារិន, ស្រុកពួក, ស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង  ក្នុងនោះស្រុកចំនួន២ គឺស្រុកក្រឡាញ់ និងស្រុកស្រីស្នំ មានសភាពធ្ងន់ធ្ងរជាងគេ ដោយសារស្រុកទាំង២នេះ ទទួលឥទ្ធពលជំនន់ទឹកភ្លៀងពីស្រុកមួយចំនួន នៃខេត្តឧត្ដរមានជ័យ ។ លោកស្រីបន្តថា បន្ទាប់ពីមានករណីជំនន់ទឹកភ្លៀងកើតឡើងភ្លាម រដ្ឋបាលខេត្ត  គណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សហការជាមួយគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ បានចុះពិនិត្យមើលស្ថានភាព ទឹកជំនន់ និងផលប៉ះពាល់ផលដំណាំរួមផ្សំផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន មើលថែកូនចៅឲ្យបានល្អចៀសវាងគ្រោះថ្នាក់ដោយការលង់ទឹក, ការថែទាំសុខភាព ការបង្ការជំងឺរាករួស, កាពារពីការយាយីពីសត្វអាសិរពិស និងការស្វែងរកទីទួលមានសុវត្ថិភាព ក្នុងករណីទឹកជំនន់នៅតែបន្តកើនឡើងខ្លាំងទៀត ។ បន្ទាប់មក លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានដឹកនាំប្រតិភូខេត្ត បន្តដំណើរចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងស្រុកស្រីស្នំ ជាពិសេសនៅទំនប់អាងស្ពានស្រែង១ ស្ថិតក្នុងឃុំស្ថែងស្ពាន ស្រុកស្រីស្នំ អមដំណើរដោយឯកឧត្ដម លន់ សុធី ប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកស្រីស្នំ លោកអភិបាល លោកអភិបាលរងស្រុកស្រីស្នំ និងមន្ត្រីអ្នកមុខអ្នកការក្នុងស្រុកស្រីស្នំជាច្រើនរូបទៀត ។ លោក នួន គ្រឹស្នា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានបញ្ជាក់ថា ទឹកជំនន់នៅក្នុងទំនប់អាងស្ពានស្រែង១ នេះ ទទួលជំនន់ទឹកភ្លៀងមកពីខាងស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែង និងស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ពិសេសទំនប់អាតោ ប៉ុន្តែ តាមពិនិត្យជាក់ស្ដែង ទឹកនឹងស្រកចុះក្នុងរយ:ពេលពីរបីថ្ងៃទៀត ប្រសិនបើមិនមានភ្លៀងធ្លាក់បន្តបន្ថែមទៀតនោះ ។ សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់បណ្តាលឱ្យ មានផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៥,៨៧២គ្រួសារ ភូមិចំនួន ១៨៤ភូមិ ឃុំចំនួន៤១ នៃស្រុកចំនួន៨ រួមមាន ស្រុកស្រីស្នំ, ស្រុកក្រឡាញ់, ស្រុកជីក្រែង, ស្រុកអង្គរជុំ, ស្រុកវ៉ារិន, ស្រុកពួក, ស្រុក សូទ្រនិគម និងស្រុកប្រាសាទបាគង បង្កឱ្យមានផលប៉ះពាល់ស្រូវពង្រោះចំនួន ១៩,១៩១ហិកតា, ប៉ះពាល់ដំឡូងមី ចំនួន ១,៥៨៨ហិកតា, លិចបរិវេណផ្ទះកម្រិតស្រាលចំនួន ៣,២៤៥ខ្នង, កម្រិតធ្ងន់ចំនួន ២៩ខ្នង, លិចទីធ្លាសាលារៀន ៤៨កន្លែង, លិចបរិវេណមណ្ឌលសុខភាព ៥កន្លែង, អាគាររដ្ឋបាលឃុំ និងប៉ុស្តិ៍រដ្ឋបាល ១២កន្លែង, លិចបរិវេណវត្ត ៨កន្លែង, លិចក្នុងផ្សារ ១កន្លែង, លិចផ្លូវប្រវែងសរុប ១០២,៧៦៣ម៉ែត្រ និងខូចខាតប្រវែង ២,៨៤៨ម៉ែត្រ, លិចខ្នងទំនប់ ខ្នងប្រឡាយ ប្រវែង ១៩,២២៣ម៉ែត្រ និងខូចខាតប្រវែង ៩៥ម៉ែត្រ, លិចស្ពាន ២កន្លែង និងខូចខាតប្រវែង ១០ម៉ែត្រ,  ងាប់គោចំនួន ១ក្បាល និងងាប់មាន់,ទា ចំនួន ៦៧៦ក្បាល៕






Previous Post Next Post