កំពង់ចាម ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២
នៅព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព ជើងគោក បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជ័យលាភីបរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដល់និស្សិតនៃសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណៈអភិបាលខេត្តត្បូងឃ្មុំ និងគណៈគ្រប់គ្រងសាលា ព្រមទាំងនិស្សិតសកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច (ហៅកាត់ UME) ខេត្តកំពង់ចាម ប្រមាណជាង៧០០នាក់។
ឯកឧត្តម មួន វាសនា ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងជាសាកល វិទ្យាធិការរង សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម បានឡើងអាន សុន្ទរកថាស្វាគមន៍ដោយបញ្ជាក់ថា សកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម មាន៥មហាវិទ្យាល័យគឺ៖ ១.មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និង ទេសចរណ៍។ ២. មហាវិទ្យាល័យនីតិសាស្ត្រ និងសេដ្ឋកិច្ចឯកទេសនិតិសាស្ត្ររដ្ឋបាល សាធារណ: និងសេដ្ឋកិច្ច។ ៣.មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា បរទេសលើ ឯកទេសអក្សរសាស្ត្រអង់គ្លេស។ ៤.មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ៥.មហាវិទ្យាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ លើឯកទេសក្សេត្រសាស្ត្រ អភិវឌ្ឍន៍ជនបទ។
ឯកឧត្តម មួន វាសនា បញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៤ មកដល់ឆ្នាំ២០២២នេះ សាខាសាកលវិទ្យាល័យបានទទួលនិស្សិតឱ្យចូលរៀនសរុបចំនួន ៦៤៩៩នាក់ ស្រីចំនួន ២៨០៤នាក់ ដែលក្នុងនោះបានផ្តល់អាហារូបករណ៍ដល់និស្សិតដែលមានជីវភាពក្រីក្រ ចំនួនសរុប៤១៥ នាក់ស្រី ២៥៤នាក់ ។
ក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកង យោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បាន ពាំនាំនូវការសាកសួរ សុខទុក្ខពីប្រមុខដឹកនាំដែលមានសម្តេចទាំងទ្វេ ជូនចំពោះថ្នាក់ដឹកនាំសាលា និស្សិតទាំងអស់ រួមទាំងប្រជាពលរដ្ឋ ដែលជានិច្ចជាកាលសម្តេច តែងតែចង់ដឹងសុខទុក្ខដល់ប្រជាពលរដ្ឋ ក្នុងនាមសម្តេចជាប្រមុខដឹកនាំប្រទេសជាតិ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការទទួលសញ្ញាបត្ររបស់ និស្សិតថ្ងៃនេះ គឺជាការបញ្ជាក់ពីភាពជោគជ័យនៅក្នុងជីវិតដែលយើងគ្រប់គ្នាបានខិតខំតស៊ូ ក្នុងការសិក្សារៀនសូត្រក្រេបយកចំណេះដឹង សម្រាប់ជីវិតដែលចំណេះវិជ្ជាជាទ្រព្យសម្បត្តិ ដែលអ្នកដទៃមិនអាចយកបាន ដែលយើងបានតស៊ូជម្នះរាល់ការលំបាកគ្រប់បែបយ៉ាង ក្នុងជីវិតហើយដែលអ្នកគ្រប់គ្នាក៏មិនសុទ្ធតែមានឱកាសដូចយើងដែរ ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សារៈសំខាន់នៃការបណ្តុះ បណ្តាលនូវធនធានមនុស្សគឺអ្វីដែលរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្លាំង ណាស់ ព្រោះវាជាកត្តាដែលនាំឱ្យប្រទេសយើងអាចធ្វើការអភិវឌ្ឍដោយចីរភាព និង និរន្តរភាព។ ប្រទេសជាតិដែលសម្បូរដោយធនធានមនុស្សប្រទេសជាតិនោះ និងមានការ រីកចម្រើនយ៉ាងឆាប់រហ័ស។ យ៉ាងណាមិញមនុស្ស យើងបើមានចំណេះដឹងហើយ នៅទីផ្សារ ការងារ និងងាយស្រួលរកនឹងទទួលបានប្រាក់កម្រៃខ្ពស់ដែរ។ ដូចនេះយើងត្រូវតែបន្តការ ធ្វើអភិវឌ្ឍខ្លួនលើផ្នែកចំណេះដឹង ក៏ដូចជំនាញដើម្បីអនាគតខ្លួនឯងនិងដើម្បីចូលរួម ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិដែរ៕


