អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ស្នើសុំរាជរដ្ឋាភិបាលធ្វើការពន្យារ ការបង់ពន្ធ និងអាករនាំចូល ចំពោះរថយន្តចង្កូតស្តាំ ដែលមានស្រាប់នៅក្នុងប្រទេស ដែលបានចុះបញ្ជីរួចរាល់ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ខណៈថ្ងៃឱសានវាទនៃការចូលទៅបង់ពន្ធ និងអាករនាំចូលនៅសល់តែ ៣ថ្ងៃទៀត ប៉ុណ្ណោះ ពោលគឺថ្ងៃទី៨ ខែតុលាផុតកំណត់។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីបង្ហាញពីលទ្ធផលនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលជាការអនុញ្ញាតលើកចុងក្រោយរបស់រាជរដ្ឋាភិបាល ឱ្យម្ចាស់រថយន្តចង្កូតស្តាំគ្រប់ប្រភេទបង់ពន្ធនិងអាករដោយមិនតម្រូវឱ្យកែចង្កូត នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ថា គិតត្រឹមល្ងាចថ្ងៃទី៤ ខែតុលា មានរថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ចំនួនជិត១ម៉ឺនគ្រឿង ដែលបានចុះបញ្ជី ហើយក្នុងនោះចំនួន ៥.៩៧៦គ្រឿង ដែលម្ចាស់រថយន្តបានបំពេញកាតព្វកិច្ចពន្ធ និងអាកររួចរាល់ ស្មើនឹងថវិកាជិត២០លានដុល្លារ ខណៈនៅសល់ជាង៣.៨០០ គ្រឿងទៀត ម្ចាស់មិនទាន់ចូលទៅបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលនោះទេ។ ឯកឧត្តមបានបន្ថែមថា គម្រោងស្នើសុំពន្យារពេលពីរាជរដ្ឋាភិបាលនេះ គឺដោយ សារមើលឃើញពីផលលំបាក របស់ម្ចាស់រថយន្តចង្កូតស្តាំ ដែលភាគច្រើនជារថយន្តប្រភេទដឹកដី និងដឹកខ្សាច់ជាដើម ដែលរដូវភ្លៀងធ្លាក់ ការដ្ឋានដី មានការធ្លាក់ចុះអាជីវកម្ម ដែលមិនអាចរកថវិកា ដើម្បីប្រើប្រាស់ក្នុងការបង់ពន្ធ និងអាករនាំចូលបានទេ។
«ចឹងហើយយើងនឹងស្នើសុំពន្យារពេលមួយរយៈទៀត ហើយយើងសង្ឃឹមថាថ្នាក់ដឹកនាំ នឹង ផ្តល់ការអនុគ្រោះ ដើម្បីទុកពេលវេលាឱ្យម្ចាស់រថយន្តចង្កូតស្តាំ គាត់អាចមានពេលស្វែងរកថវិកាមក បង់ពន្ធអាករ ហើយតាមពិតការបង់ពន្ធអាករលើរថយន្តបែន គឺមិនច្រើនទេ ហើយម្យ៉ាង ទៀតការអនុគ្រោះ គឺបានច្រើនមែនទែន។ ដោយយើងអនុគ្រោះមិនកែចង្កូតនេះ គឺរួចបន្ទុកមួយទៅហើយ ក្នុងការចំណាយ ដោយការចំណាយប្តូរចង្កូតក្នុងមួយគ្រឿងមានតម្លៃរហូតចាប់ពី២៥០០ដុល្លារ រហូតទៅដល់៥ពាន់ ទៅតាមប្រភេទរថយន្ត។ អ៊ីចឹងហើយសម្ដេចតេជោនាយករដ្ឋមន្ត្រី អនុគ្រោះថា បង់ពន្ធទៅរថយន្តចាស់ៗមិនបាច់កែចង្កូតនោះទេ គឺបន្ទុកមួយយ៉ាងធំដែលសម្រាប់ពួកគាត់ ដូច្នេះនឹងធ្វើឱ្យបន្ទុកនេះវាធូរស្រាលទៅដល់ម្ចាស់រថយន្តចង្កូតស្ដាំមិនបាច់កែចង្កូតផងដែរ។»
ឯកឧត្តមបានបញ្ជាក់ទៀតថា សុំរាជរដ្ឋាភិបាលធ្វើការពន្យារ ការបង់ពន្ធ និងអាករនាំចូល ចំពោះរថយន្តចង្កូតស្តាំ មានរយៈពេលប៉ុន្មានទៀតនោះទេ ដោយរង់ចាំ ការពិភាក្សាគ្នាជាបន្តទៅទៀត។
គួរជម្រាបថា នៅក្នុងយុទ្ធនាការទី២ នៃការប្រមូលចំណូល ពន្ធអាករលើរថយន្តចង្កូតស្តាំគ្មានពន្ធដែលមានស្រាប់នៅក្នុងប្រទេស គឺមានរថយន្តចង្កូតស្តាំបានមកចុះ បញ្ជីនិងបង់ពន្ធអាករជិត១ម៉ឺនគ្រឿង ក្នុងនោះ ម្ចាស់យានយន្តបានបង់ប្រាក់ពន្ធអាករមានជិត៦ពាន់គ្រឿង ហើយរថយន្តដែលនៅសេសសល់មិនទាន់បានបង់ប្រាក់ពន្ធអាករមានជិត៤ពាន់គ្រឿង។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅរយៈពេល៩ខែ ឆ្នាំ២០២២ នេះ ពោលចាប់ពីខែមករា ដល់ខែកញ្ញា ប្រមូលចំណូលពន្ធ និងអាករបានចំនួន ២០២២.២លានដុល្លារ ស្មើនឹង៧៨.៦១ភាគរយនៃផែនការច្បាប់ថវិកាជាតិ៕



