កម្ពុជា ថៃ បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាបន្តទៀត ដើម្បីភាពរីកចម្រើន និងការអភិវឌ្ឍន៍សម្រាប់ប្រជាជនទាំង២។
ក្នុងឱកាសមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បណ្ឌិតសាស្ត្រាចារ្យ អនេក ឡៅថាំម៉ាថាត់ (Anek Laothamatas) រដ្ឋមន្ត្រី ក្រសួងឧត្ដមសិក្សា វិទ្យាសាស្រ្តស្រាវជ្រាវ និងនវានុវត្តន៍នៃព្រះរាជាណាចក្រថៃ បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នាទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានសំដែងនូវកិច្ចស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម រដ្ឋមន្ត្រី និងគណៈប្រតិភូនៃព្រះរាជាណាចក្រថៃ មកកម្ពុជា ហើយក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ លើគ្រប់វិស័យ ជាពិសេសគឺការអភិវឌ្ឍធនធានមនុស្ស ដែលជារៀងរាល់ឆ្នាំនិស្សិត និងមន្ត្រីកម្ពុជាជាច្រើន បានទទួលអាហារូបករណ៍ទៅបន្តការសិក្សា និងបណ្តុះបណ្តាលនៅប្រទេសថៃ។ ឯកឧត្តម ខៀវ កាញារីទ្ធ បានរលឹកឡើងវិញកាលពីកម្ពុជានៅជួបការលំបាក ខ្វះខាត នាអំឡុងឆ្នាំ១៩៩៥ គឺការបោះពុម្ពកាសែត ដែលមានពណ៌ គឺត្រូវទៅបោះពុម្ពនៅប្រទេសថៃ ដែលមានច្រើនទំព័រ ដើម្បីយកមកចែកផ្សាយនៅក្នុងប្រទេសវិញ ។ ក្រៅពីកិច្ចការងារនេះ ក៏មានកិច្ចសហការជាច្រើនផ្សេងទៀត ដែលកម្ពុជា បានធ្វើជាមួយប្រទេសថៃ ហើយអ្វីដែលសំខាន់ទៀតនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងបានលើកពីទំនាក់ទំនងការងារ ការបរទេស ជាមួយប្រទេសក្រៅ គឺសំខាន់អ្នកជិតខាងប្រទេសជាមួយគ្នា ហើយប្រទេសថៃ មានទំនាក់ទំនងគ្នាល្អជាយូរមកហើយ ដោយបច្ចុប្បន្ននេះ មានអ្នកវិនិយោគថៃជាច្រើន បានមករកសុីនៅកម្ពុជា ។
ឯកឧត្តម រដ្ឋមន្រ្តី ក៏បានស្វាគមន៍ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរជាបន្តទៀត ដើម្បីភាពរីកចម្រើន និងការអភិវឌ្ឍន៍សម្រាប់ប្រជាជន កម្ពុជា ថៃ ។
ឯកឧត្តម បណ្ឌិតសាស្ត្រាចារ្យ អនេក ឡៅថាំម៉ាថាត់ បានសំដែងនូវការរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្តៅថែមទៀតផង ហើយអ្វីដែលសំខាន់គឺបានពិនិត្យឃើញពីដំណើរការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្នុងនោះមានសំណង់អគារ ខ្ពស់ ធំៗ ជាច្រើនទៀតបាននិងកំពុងដំណើរការសាសង់ ដែលបង្ហាញពីភាពរីកចម្រើនរបស់កម្ពុជា ។
ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងឧត្ដមសិក្សា វិទ្យាសាស្រ្តស្រាវជ្រាវ និងនវានុវត្តន៍នៃប្រទេស ថៃ បានគូសបញ្ជាក់ថា បើសិនជាប្រទេសកម្ពុជា មិនមានសង្គ្រាមកើតឡើងពីពេលកន្លងមកនោះទេ គឺកម្ពុជា មានការអភិវឌ្ឍ និងរីកចម្រើន មិនចាញ់ប្រទេសដទៃនោះទេ ព្រោះប្រវត្តិសាស្រ្តរបស់កម្ពុជា មានភាពរីកចម្រើន រុងរឿងតាំងពីសម័យដើមមកម្ល៉េះ ។
ឯកឧត្តម ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ នឹងបន្តជំរុញការផ្តល់អាហារូបករណ៍បន្ថែមទៀតដល់កម្ពុជា សំដៅការពង្រឹងធនធានមនុស្សរបស់កម្ពុជា។ ជាមួយនេះ នឹងជួយគាំទ្រ និងជំរុញទៅលើអ្វីដែលមានការពាក់ពន្ធ័ជាមួយ ក្រសួងព័ត៌មានកម្ពុជា ៕


