បន្ទាយមានជ័យ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែ បង្ហាញនូវ ឆន្ទៈមុតមាំក្នុងការគោរពសិទ្ធិមនុស្សដោយមិនមានការរើសអើងពូជសាសន៍។
ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តម កែវ រ៉េមី បានធ្វើឡើងនៅក្នុងសិក្ខាសាលា "ការផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ ( ICERD)ដែលបានធ្វើ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃអង្គារ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ ដែលមានការចូលពីលោកលោកស្រីអភិបាលរងខេត្ត សាលា ដំបូងខេត្ត ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត រដ្ឋបាលសាលាខេត្ត ស្នងការ នគរបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ពន្ធនាគារខេត្ត តំណាងអាជ្ញាធរស្រុក និងមន្រ្តីរាជការនៃមន្ទីរជុំវិញខេត្តបន្ទាយមានជ័យ ផងដែរ។
ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់ថា កម្ពុជាបានឈានមុខគេក្នុងតំបន់ក្នុង ការគោរពសិទ្ធិមនុស្សតាមរយៈការមិនមានទោសប្រហារជីវិត ការទទួលយកលិខិតុបករណ៍ សិទ្ធិមនុស្ស សំខាន់ចំនួន៨ ក្នុងចំណោម៩ ការទទួលយកអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា និងទទួលឱ្យមានការិយាល័យ នៅកម្ពុជា។
ឯកឧត្តមបានលើកឡើងបន្ថែមថា គោលបំណងនៃការផ្សព្វផ្សាយ របាយការណ៍ជាតិនេះ ដើម្បីការផ្សព្វផ្សាយឱ្យបានទូលំទូលាយ រហូតទៅដល់ថ្នាក់ក្រោម ជាតិអំពីកិច្ច ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលរួមជាមួយនឹងសមិទ្ធផលធំៗក្នុង ការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ ការផ្សព្វផ្សាយរបាយការណ៍ជាតិនេះ ដើម្បីឱ្យ អង្គភាពថ្នាក់ក្រោមជាតិ បានយល់កាន់តែច្បាស់ពីរបាយការណ៍ជាតិស្ដីពីការ អនុវត្ត អន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍រួម នឹងសេចក្ដីសង្កេត សន្និដ្ឋាននៃរបាយការណ៍នេះដែលជាកត្តាដ៏សំខាន់ក្នុងការជំរុញឱ្យមានការចូលរួមអនុវត្តន៍ពីអង្គភាពថ្នាក់ក្រោមជាតិនូវសេចក្ដីសង្កេតសន្និដ្ឋានទាំងនោះផងដែរ។ បន្ថែមពីនេះ ក៏ជាការបង្ហាញឱ្យឃើញពីការអនុវត្តជាទៀងទាត់នួវកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាល ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ។
ជាមួយនោះ ឯកឧត្តម កែវ រ៉េមី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យ ចំពោះកិច្ចសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិដ៏មានសារៈសំខាននេះ។ ឯកឧត្តមក៏បានផ្ដាំផ្ញើសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្ដាប់ និងអាចសួរនូវសំណួរផ្សេងៗ ដែលពាក់ព័ន្ធនៅរបាយការណ៍ជាតិនេះ រួមទាំងសំណួរលើប្រធានបទសិទ្ធិមនុស្សជាទូទៅ ផងដែរ៕

