ភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី សម្ពោធសមិទ្ធផលនានា បើកវគ្គថ្នាក់វិក្រឹត្យការគ្រូពេទ្យមធ្យមយោធាជំនាន់ទី៦«សមាហរណកម្ម» និងប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថា្នក់វេជ្ជបណ្ឌិត ទន្តបណ្ឌិត បរិញ្ញាបត្រឱសថ បរិញ្ញាបត្រគិលានុបដ្ឋាក ឆ្មប និងថា្នក់បរិញ្ញាបត្ររងថែទាំសរុបចំនួន ៦ ០៧៦នាក់ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ។
ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ រដ្ឋលេខាធិការ អគ្គនាយក និងនាយទាហានជាន់ខ្ពស់ ក្រសួងការពារជាតិជាច្រើនរូបទៀត។
តាមរបាយការណ៍សង្ខេបស្តីពីសកម្មភាព និងលទ្ធផលនៃការបណ្ដុះបណ្តាលនៅវិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាល កងយោធពលខេមរភូមិន្ទ របស់ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ នឹម មាលា នាយកវិទ្យាសា្ថនសុខាភិបាលកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា និស្សិតជ័យលាភីគ្រប់កម្រិត សរុបចំនួន ៦ ០៧៦នាក់ ក្នុងនោះមាននារី ២ ៨៤៤នាក់ ដែលបានបញ្ចប់ការសិក្សាត្រឹមឆ្នាំសិក្សា ២០២០-២០២១ កន្លងមកនេះ។ មាននិស្សិតថ្នាក់វេជ្ជបណ្ឌិត, ទន្តបណ្ឌិត, បរិញ្ញាបត្រឱសថ បរិញ្ញាបត្រគិលានុបដ្ឋាក ឆ្មប និងថ្នាក់បរិញ្ញាបត្ររងថែទាំ ក្នុងនោះអាហារូបករណ៍ជាយោធិន សរុប ចំនួន ៣ ៤៥៦នាក់ (ស្រី ១ ៣២០នាក់) ផងដែរ។
ឯកឧត្តមបានបន្តថា វិទ្យាស្ថានក៏បានពង្រឹង គុណភាព ប្រសិទ្ធភាព នៃការផ្តល់សេវាអប់រំ តាមរយៈប្រព័ន្ធ គ្រប់គ្រងផ្ទៃក្នុង លើកកម្ពស់គុណភាព សាស្ត្រាចារ្យវិន័យរបស់និស្សិត ស្របតាមកម្រិតបទដ្ឋាននៃការបណ្តុះបណ្តាល តម្រូវការធនធាន មនុស្សក្នុងវិស័យសុខាភិបាល និងទីផ្សារការងារបច្ចុប្បន្ន។ ក្រៅពីនេះក៏មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលមានស្រាប់។ វិទ្យាស្ថានបានរៀបចំពិធីបញ្ចុះបឋមសីលាសាងសង់អាគារ សិក្សាថ្មី ធ្វើអំពី បេតុង អាម៉េ មាន១៦បន្ទប់ និងមានទំហំ បណ្តោយ ៧១ម x ទទឹង ១៣ម x កម្ពស់៤ជាន់ ស្មើ នឹង ៣,៦៩២ ម៉ែត្រការ៉េ ដែលគ្រោងនឹងចំណាយថវិកា ៨៣ម៉ឺន ៧ពាន់ ៥៤០ដុល្លារអាម៉េរិក ដោយប្រើរយៈ ពេលសាងសង់ ៥ឆ្នាំ។ ផ្អែកទៅតាមថវិកា ដែលមាន និងរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាល ប្រជុំដែលជា អំណោយដ៏ថ្លៃថ្លា របស់សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ដែលមានទំហំ ៥២ម៉ែត្រx១៤ម៉ែត្រ ស្មើនឹង ៧២៨ម៉ែត្រការ៉េ ចំណាយថវិកាអស់ ១៣៦ ៦៦៧ ដុល្លារអាម៉េរិក។
ថ្លែងក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានអបអរសាទរ ជាមួយនិសិ្សតជ័យលាភីទាំងអស់ ដែលបានមកទទួលសញ្ញាប័ត្រនាពេលនេះ។ សម្តេចក៏បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ព្រមទាំងបុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត ដែលបានខិតខំ កសាង សមិទ្ធផលនានា ក្នុងវិទ្យាស្ថាន ឱ្យមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
សម្តេចបន្តទៀតថា៖ សមិទ្ធផលខាងលើនេះ ពិតជាមានគុណតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ការរួមចំណែកអភិវឌ្ឍន៍ ធនធាន សុខាភិបាលកងទ័ព នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កន្លងមក វិទ្យាស្ថានបាននឹងកំពុងតែពង្រីក ទំនាក់ទំនងឱ្យបានកាន់តែប្រសើរ ក្នុងវិស័យអប់រំ សុខាភិបាល និងមានទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិជាច្រើន ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងអប់រំយុវជន និងកីឡា គណៈកម្មាធិការទទួលស្គាល់ គុណភាពអប់រំនៃកម្ពុជា មន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព រាជធានីខេត្ត មន្ទីរពេទ្យឯកជន អង្គការជាតិ និងអន្តរជាតិជាដើម។
សម្តេចពិជ័យបានបញ្ជាក់ទៀតថា បញ្ហាសុខភាព គឺជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប បើមានសុខភាពនោះ យើងអាចប្រកបរបរចិញ្ចឹមជីវិត ឬធ្វើការបម្រើជាតិមាតុភូមិដោយជោគជ័យ។ ដូច្នេះចំពោះវិស័យ សុខាភិបាល កងទ័ព ក៏ជាវិស័យ អាទិភាព ក្នុងការបម្រើសុខភាពជូនកងទ័ពដែរ។ ចំពោះការកសាង ធនធានមនុស្ស ក៏ជាការរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិ នៅលើគ្រប់វិស័យក្រោមម្លប់នៃសុខសន្តិភាព ដែលកម្ពុជាបាននិងកំពុងទទួល នូវផ្លែផ្កាគួរជាទីមោទនៈ។
លើសពីនេះទៅទៀត ក្នុងនាមជាប្រមុខដឹកនាំដ៏ឆ្នើមប្រកបដោយសក្តានុពល នៃក្រសួងការពារជាតិ សម្តេចតេជោ បានគិតគូរ និងខ្វល់ខ្វាយជានិច្ចលើបញ្ហាសុខទុក្ខរបស់ប្រជាជនជាងអ្វីៗទាំងអស់ ជាក់ស្តែងនៅក្នុងអន្តរកាល ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ សម្តេចបានខិតខំប្រឹងប្រែង ទាំងយប់ទាំងថ្ងៃ ដោយបានពុះពារគ្រប់ឧបសគ្គ ទាំងអស់ ចូលរួមយ៉ាងក្លៀវក្លា ក្នុងការរំដោះប្រទេសមួយ នេះឱ្យចាកផុតពីគ្រោះមហន្តរាយ នៃវិបត្តិសាកលដ៏គ្រោះថ្នាក់នេះ។ ដូចគ្នានេះដែរកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងគុណធម៌ដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ បានធ្វើឱ្យប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស មានការជឿជាក់ និងទុកចិត្តបំផុតលើការដឹកនាំប្រទេស ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ៕


