កណ្តាល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣-
នៅចំពោះមុខកម្មករជិត២ម៉ឺននាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ប្រគល់ជោគជ័យ នៃការរៀបចំស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជូនប្រជាពលរដ្ឋខ្មែរទាំងអស់នេះ ដោយសម្ដេចតេជោបញ្ជាក់ថា«នេះគឺជាស្នាដៃរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា»។ ក្នុងខណៈ អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន ១៦ ២៧២ នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា បានក្លាយទៅជា កេរ្តិ៍ឈ្មោះជាប្រវត្តិសាស្រ្ត ដែលបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយទទួលផល។
សម្ដេចតេជោមានប្រសាសន៍ថា៖ «កម្មវិធីនេះ បានក្លាយទៅជាកេរ្តិ៍ឈ្មោះប្រវត្តិសាស្រ្តដែលទុកឱ្យកូនចៅជំនាន់ក្រោយទទួលផលថា ដូនតារបស់យើង ពេលធ្វើស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម អត់មានយកលុយ អ្នកណាមួយរៀល»។ សម្ដេចតេជោគូសបញ្ជាក់ថា កម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំទាំងការរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនេះ ជាមោទនភាពសម្រាប់ខ្មែរទាំងមូលនិង សម្រាប់កម្ពុជា ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើឆាកអន្តរជាតិ តាមរយៈព្រឹត្តិការណ៍អាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះ។
ក្នុងពិធីនោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់កម្មករ កម្មការិនីផងដែរ ពីតម្លៃនៃសន្ដិភាព ដែលជាកត្តាសំខាន់ សម្រាប់ប្រទេសទាំងអស់នៅលើសកលលោក ព្រោះថាបើគ្មានសន្តិភាពនោះទេ គឺធ្វើឲ្យបាត់បង់អ្វីៗទាំងអស់ ជាពិសេស បាត់បង់ការងារ បាត់បង់ប្រាក់ចំណូល ធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះជាបន្តបន្ទាប់។ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសន្តិភាពឱ្យបានគង់វង្ស។ សម្ដេចតេជោបានថ្លែងបន្ថែមថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានកំពុងធ្វើការទាក់ទងដល់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីបង្កើតការងារ ដល់បងប្អូនប្រជាពលរដ្ឋ លើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូន។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ ដឹងថា រោងចក្រ សហគ្រាសទាំង១២ ដែលអនុញ្ញាត ឱ្យ កម្មករ កម្មការិនីជួបសំណេះសំណាលជាមួយសម្តេចតេជោនាពេលនេះ ជាប្រភេទរោងចក្រកាត់ ដេរ សម្លៀកបំពាក់ ចំនួន៧ ផលិតស្បែកជើងចំនួន ២ ប៉ាក់ព្រីនសម្លៀកបំពាក់ចំនួន ២ និងផលិតផលធ្វើដំណើរ និងកាបូបចំនួន១។ ផលិត ផលរបស់ រោងចក្រ ទាំង នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍ អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេស កាណាដា ប្រទេសជប៉ុន។ល។ ខេត្តកណ្តាល គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រសហគ្រាសតាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។
នៅឆ្នាំ២០២៣នេះ ខេត្តកណ្តាល មានរោងចក្រ សហគ្រាស ចំនួន៤៨៣ មានកម្មករ និយោ ជិតជាង ១៥ម៉ឺន នាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ ដេរ ចំនួន១៧១ មានកម្មករ និយោជិត សរុបជាង ១៣ម៉ឺន ២ពាន់នាក់។ ខេត្តកណ្តាល ជាខេត្តទី៣ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន៕

