ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣
អនុវត្តន៍តាមសេចក្ដីណែនាំលេខ០២៤ ស.ណ.ន របស់ក្រសួងមហាផ្ទៃ ស្តីពី នីតិវិធីនៃការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន ការិយាល័យប្រជាពល រដ្ឋរាជធានី ខេត្ត ដើម្បីងាយស្រួលដល់ ប្រជាពលរដ្ឋលោកមកទំនាក់ទំនងការងាររដ្ឋបាលផ្សេងៗរបស់ពួកគាត់ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានធ្វើពិធីបោះឆ្នោត ជ្រើសរើសប្រធាន-អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម កើត ឆែ អភិបាល រងរាជធានី តំណាងឱ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលា រាជធានីភ្នំពេញ។
បេក្ខជនឈរឈ្មោះជាប្រធាន មានចំនួន៣រូប ក្នុងនោះមាន៖ ១. លោក សំ សេដ្ឋា. ២ លោក ឡុង រស្មី និង៣. លោក ហ៊ី សុខនី។ ចំណែក បេក្ខជនឈរឈ្មោះជាអនុប្រធាន មានចំនួន៣រូប រួមមាន៖ ១. លោកស្រី ឈុន ដាលីន, ២ លោក ហេង ម៉េងលី និង៣. លោក ថេង បញ្ញាវុធ។ក្រោយការបោះឆ្នោត លោក សំ សេដ្ឋា បានជាប់ឆ្នោតជាប្រធាន ការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ និងលោកស្រី ឈុន ដាលីន អនុប្រធាន ការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ។ក្រោយការបោះឆ្នោត និងប្រកាសលទ្ធផល ឯកឧត្តម ម៉ប់ សារិន បានណែនាំ ឱ្យក្រុមលេខាធិការដ្ឋានក្រុមប្រឹក្សារាជធានីភ្នំពេញ ធ្វើលិខិតស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីឱ្យមានការប្រកាសជាផ្លូវការទៅតាមនីតិវិធីនៃច្បាប់។
យោងតាមសេចក្ដីណែនាំលេខ ០២៤ស.ណ.ន របស់ក្រសួងមហាផ្ទៃ ស្តីពីនីតិវិធីនៃ ការបោះឆ្នោត ជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត បានកំណត់ថា ការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ត្រូវធ្វើ ឡើងដាច់ ដោយឡែកពីការបោះឆ្នោតជ្រើសរើសអនុប្រធានការិយាល័យប្រជា ពលរដ្ឋ រាជធានី។ ប៉ុន្តែ អាចធ្វើឡើងក្នុងកិច្ចប្រជុំ ជាមួយគ្នាបាន ឬក៏កិច្ចប្រជុំដាច់ដោយឡែកពីគ្នា។ ការបោះឆ្នោតត្រូវធ្វើឡើងជាសម្ងាត់។
សមាជិកគណៈកម្មាធិការបោះឆ្នោតត្រូវទៅកាន់បន្ទប់បោះឆ្នោត ដើម្បីគូសសន្លឹកឆ្នោត ហើយសមាជិក ម្នាក់ៗមានសិទ្ធិគូសសញ្ញា(✔️) នៅលើសន្លឹកឆ្នោតត្រង់កូឡោន «បោះឆ្នោតគាំទ្រ» នៅជួរបន្ទាត់នៃ ឈ្មោះបេក្ខជន ដើម្បីជ្រើសរើសបេក្ខជនតែមួយ ប៉ុណ្ណោះដែលខ្លួនពេញចិត្ត៕



