កណ្តាល ថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២៣
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសផ្ដល់ជូនរបបគាំពារសង្គមដល់ស្រ្តីជាមន្រ្តីរាជការ មន្រ្តីកម្មសិក្សា និងមន្រ្តីជាប់កិច្ចសន្យា ដែលត្រូវបានទទួលរបបគាំពាសង្គមនេះដូចកម្មករ កម្មការិនីដែរ។ ការប្រកាស របស់ម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីចុះជួបសំណេះសំណាលជា មួយកម្មករ កម្មការិនី សរុបចំនួន ១៨ ២៥៥ នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំសូមប្រកាសចេញពីទីនេះតែម្ដង មន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងបុគ្គលិកជាប់កិច្ចសន្យាត្រូវបានទទួលរបបគាំពារសង្គមដូចកម្មករ កម្មការិនីដែរចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ដែលបានចុះហត្ថលេខាកាលពីម្សិល មិញ»។ សម្តេចតេជោលើកឡើងថា ចំណែកមន្ត្រីជាកងទ័ព និងនគរបាលក៏ត្រូវតែបានទទួលដែរប៉ុន្តែទុកពិគ្រោះនៅពេលក្រោយរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ។
សម្តេចតេជោនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា៖ «បើយើងប៉ាន់ស្មានក្នុងមួយឆ្នាំមន្ត្រីរាជការគឺចំណាយអស់លុយប្រមាណ៣លានដុល្លារប៉ុណ្ណោះក្នុង១ឆ្នាំ ដូច្នេះវាមិនច្រើនធំហួសនោះទេ ហើយក្នុងចំណោមកម្មករ កម្មការិនីទេដែលស្រូបចំនួនធំ ។ ប៉ុន្តែបើក្នុងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក៏មិនកើនឡើងប៉ុន្មានទេ»។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់បន្ថែមថា គោលនយោបាយគាំពារសង្គមត្រូវបានដាក់ចេញជាបន្តបន្ទាប់ដើម្បីឆ្លើយតបជាមួយនឹងសុខុមាលភាពរបស់ប្រជាជន ដែលគោលនយោបាយទាំងនេះ ក្មួយៗកាន់តែមានលទ្ធភាពទទួលបាននូវអត្ថប្រយោជន៍ច្រើន៕

