បាត់ដំបង ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣--
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធ មន្រ្ដីរាជការ សាស្រ្ដាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងមន្រ្ដីជាប់កិច្ចសន្យា នៃមន្ទីរ អង្គភាពនានាក្នុងខេត្តបាត់ដំបង ចំនួន ២ ៩៨៣នាក់ នៅឯអាកាសយានដ្ឋានបាត់ដំបង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាចាណាចក្រកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ សាស្រ្ដចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងមន្រ្ដីជាប់កិច្ចសន្យា នៃមន្ទីរ អង្គភាពនានា ក្នុងក្រុងបាត់ដំបង ដែលខិតខំបំពេញតួនាទី និងភារកិច្ចសម្រេចបានសមទ្ធផលថ្មីៗជាបន្តបន្ទាប់ រួមចំណែកធ្វើឱ្យសម្រេចបានជោគជ័ យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៦នេះ។
សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគុណបំណាច់ នៃការរួមចំណែករបស់និវត្តជន និងអតីតយុទ្ធជនក្នុងក្រុងបាត់ដំបង ដែលបានតស៊ូធ្វើពលីកម្មក្នុងគ្រប់សម័យកាល ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព ការបង្រួបបង្រួម និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាន់ក្រោយបានចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្ត ព្រមទាំងប្ដេជ្ញាបន្តពូនជ្រុំការអភិវឌ្ឍជាតិ ឱ្យកាន់តែរីកចម្រើនសម្រាប់អ្នកជំនាន់ក្រោយ។
សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ អំពីបញ្ហាប្រឈមលើពិភពលោក ដែលតិច ឬច្រើនបានជះឥទ្ធិផលមកលើប្រទេសកម្ពុជា ។ ក្នុងនោះរួមមាន ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ រវាងលោកខាងលិច និងខាងកើត, សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន, វិបត្តិថាមពល និងស្បៀងអាហារ, បញ្ហាសង្គ្រាមស៊ីវិលនៅប្រទេសស៊ូដង់, និងការប្រែលប្រួលអាកាសធាតុកាន់តែអាក្រក់, បន្ថែមលើបន្ទុកបញ្ហាបណ្ដាលមកពីជំងឺកូវីដ-១៩ ដែលពិភពលោកមិនទាន់ដោះស្រាយចប់នៅឡើយ ។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំ ប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសកម្មពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ថ្នាក់ រួមទាំងក្រុង ខេត្តបាត់ដំបង ធ្វើ ឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម។
ក្នុងឱកាសនោះដែរ សម្ដេចក៏បានបន្តលើកឡើងអំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើន ដែលរាជ រដ្ឋាភិបាលកម្ពុជា សម្រេចបានក្នុងរយៈពេល៥ឆ្នាំ ក្នុងនោះមានដូចជា កិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ, ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ, ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពចំពោះព្រះមហាក្សត្រ និងរបបរាជានិយម, ការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ការរៀបចំជោគជ័យនូវកិច្ចប្រជុំអាស៊ាន, ព្រឹត្តិការណ៍កីឡាស៊ីហ្គេម, និងអាស៊ានប៉ារ៉ាហ្គេមជាដើម។
ទិសដៅរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣ និងរយៈពេល៥ឆ្នាំបន្តទៀត ក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា និងបានសង្កត់ធ្ងន់ជាថ្មីទៀត អំពីសារៈសំខាន់នៃការរក្សាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ព្រមទាំងការរៀបចំការបោះឆ្នោត តាមគន្លងប្រជាធិបតេយ្យជាទៀងទាត់ និងត្រឹមត្រូវ ក្នុងនោះរួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ខាងមុខនេះ ដែលត្រូវតែបន្តរួមគ្នា ធ្វើឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យ។
ពាក់ព័ន្ធនឹងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តខាងមុខនេះ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់អនុសាសន៍ជូនអង្គពិធី ចូលរួមផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងដែលបានធ្វើចំណាកស្រុក ទាំងនៅក្នុង និងក្រៅប្រទេស ត្រៀមឯកសារដើម្បីអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាលើកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នាំមកនូវសុខសន្តិភាព ស្ថិរភាពជាតិ និងការអភិវឌ្ឍជាតិ ដូចដែលកម្ពុជាបានអនុវត្តចាប់តាំងពីឆ្នាំ១៩៩៣មក។ នៅចុងបញ្ចប់នៃពិធីសំណេះសំណាលនេះ សម្ដេចក្រឡាហោម ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយជូនអតីតមន្រ្តីរាជការ អតីតកងកម្លាំងប្រដាប់អាវុធ ដែលមានស្នាដៃឆ្នើម ក្នុងការចូលរួមចំណែកបម្រើបុព្វហេតុជាតិ និងប្រជាជន និងមន្រ្តីមានស្នាដៃខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងប្រគល់ជូនថវិកា ដល់អង្គពិធីទាំងមូលផងដែរ ៕



