ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែបន្ដគាំទ្រ លើកទឹកចិត្តដល់វិស័យឯកជន និងចាត់ទុកវិស័យឯកជនជាដៃគូ ជាកម្លាំងអូសទាញ និង ជំរុញល្បឿនសេដ្ឋកិច្ច ដែលជាកត្តាដែលមិនអាចខ្វះបាន។សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជា មួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់បែបនេះ ខណៈអញ្ជើ្ជញ ជាអធិបតី ក្នុងពិធីសម្ពោធផ្លូវការក្រុមហ៊ុន ហាវត្រាស ឃែភីថល អ៊ិនវេសម៊ិន (Hao Trust Capital Investment Co, Ltd) នាព្រឹកថ្ងៃចន្ទ ២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ក្រោម ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្ននេះកម្ពុជាទទួលបាននូវស្ថិរភាព សន្ដិសុខ និងសន្តិភាព និង ការអភិវឌ្ឍលើគ្រប់វិស័យ ដែលក្នុងនោះវិស័យសេវាហិរញ្ញវត្ថុ ទាំងផ្នែកធនាគារ និងមិនមែន ធនាគារ ហើយរាជរដ្ឋាភិបាលកម្ពុជាតែងតែលើកទឹកចិត្ត និងគាំទ្រដល់វិស័យឯកជន និងចាត់ ទុកវិស័យឯកជន ជាដៃគូ និងជាកម្លាំងអូសទាញ និងជំរុញល្បឿនសេដ្ឋកិច្ច ដែលជាកត្តា ដែលមិនអាចខ្វះបាន។
សម្តេចកិត្តិសង្គហបណ្ឌិតបានកោត សរសើរដល់ក្រុមហ៊ុន ដែលបានខិតខំស្វែងរក ឱកាសវិនិយោគនៅកម្ពុជា ដោយបានចាប់យកឱកាសដ៏ល្អប្រសើរ ក្នុងបរិយាកាស នយោបាយ ដ៏ល្អប្រកបដោយ ស្ថិរភាព និងសុខសន្តិភាពនៅកម្ពុជា។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានសង្ឃឹមថា ក្រុមហ៊ុននេះពិតជាអាច ប្រតិបត្តិសកម្មភាពបរធនបាលកិច្ច ប្រកបដោយជោគជ័យ ដើម្បីក្លាយខ្លួន ទៅជាក្រុមហ៊ុន មួយគួរជាទីទុកចិត្តរបស់អតិថិជន មានក្រមសីលធម៌ស្អាតស្អំ ជាមូលដ្ឋានដ៏រឹងមាំ ដែល បង្កើតភាពរុងរឿង សុភមង្គល និងជោគជ័យដោយចីរភាពយូរអង្វែង និងរួមចំណែកជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ចំណូល និងឱកាសការងារដល់ប្រជាពលរដ្ឋ កម្ពុជា។
សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ក៏បាន ស្នើឱ្យក្រុមហ៊ុន ធ្វើសកម្មភាព អាជីវកម្មរបស់ខ្លូនដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់កម្ពុជា និងយកចិត្តទុកដាក់ដល់ការឧបត្ថម្ភគាំទ្រដោយការទទួលខុសត្រូវនៃក្រុមហ៊ុន លើការងារ មនុស្សធម៌ និងសង្គមកិច្ច។
សូមបញ្ជាក់ថា ក្រុមហ៊ុនហាវត្រាស ឃែភីថល អ៊ិនវេសម៊ិន ដែលបានទទួល អាជ្ញាប័ណ្ណ ក្រុមហ៊ុនបរធនបាល ពីនិយ័តករ បរធនបាលកិច្ច ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២៣ ក្នុងនាមជា ក្រុមហ៊ុន បរធនបាល សម្រាប់ប្រតិបត្តិការ បរធនបាលកិច្ចចំនួន ៤ ប្រភេទគឺ៖ ១. បរធន បាលកិច្ចសាធារណៈ, ២. បរធនបាលកិច្ចពាណិជ្ជកម្ម, ៣. បរធនបាលកិច្ច សង្គម និង៤. បរធនបាលកិច្ចបុគ្គល៕

