ភ្នំពេញ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ម៉ប់ សារិន បានថ្លែងនូវការ កោតសរសើរចំពោះ រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ ដែលបានសហការជាមួយ ថ្នាក់ជាតិក្នុងការខិតខំបំពេញការងារគ្រប់មុខផ្នែក ធ្វើឱ្យរាជធានីភ្នំពេញមានសោភណ ស្រស់បំព្រង និងការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អក្នុងការ រៀបចំប្រារព្ធពិធីបិទកីឡាស៊ីហ្គេមលើកទី៣២ ដែលបានធ្វើឱ្យកិត្យានុភាពនៃព្រះរាជាណា ចក្រកម្ពុជាល្បីរន្ទឺលើពិភពលោក។
ការថ្លែងការកោតសរសើរបែបនេះធ្វើឡើង នាព្រឹកថ្ងៃទី០៨ មិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលឯកឧត្តម និងឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤៩ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាសណត្តិទី៣ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ម៉ប់ សារិន បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ និង អាជ្ញាធរពាក់ព័ន្ធ បានសហការគ្នាបានយ៉ាងល្អ ជាមួយថ្នាក់ជាតិ ក្នុងការខិតខំបំពេញការងារ គ្រប់ផ្នែក ដែលបានធ្វើឱ្យរាជធានីភ្នំពេញមានសោភណស្រស់បំព្រង និងការពារ បាននូវ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងការរៀបចំប្រារព្ធពិធីបិទស៊ីហ្គេមលើកទី៣២ ក្រោម ពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» ដែលកម្ពុជាម្ចាស់ផ្ទះ បន្ទាប់ពីបានរង់ចាំអស់ រយៈពេល ៦៤ឆ្នាំ បានបញ្ចប់ដោយជោគជ័យត្រចេះត្រចង់ និងទទួលបានចំណាត់ថ្នាក់លេខ៤ ដោយទទួលបានមេដាយ ២៨២គ្រឿង ក្នុងនោះ មេដាយមាស ៨១គ្រឿង, មេដាយប្រាក់ ៧៤គ្រឿង និងមេដាយសំរិទ្ធិ ១២៧គ្រឿង ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ កីឡាពីមុនមក។
ឯកឧត្តម ម៉ប់ សារិន បានបន្តថា តាមរយៈព្រឹត្តិការណ៍ ដ៏អស្ចារ្យនេះ ធ្វើឱ្យប្រជាជន មហាជនជាតិ អន្តរជាតិ ស្ញើចសរសើរ និងកាន់តែស្គាល់ពីអត្តសញ្ញាណកម្ពុជា បានច្បាស់ ជាពិសេសបានក្លាយជាកម្លាំងចលករថ្មីមួយទៀត គាស់ជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យងើបឡើង ថែមមួយកម្រិតទៀត។ ក្នុងនោះ ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងបណ្តាប្រទេសអាស៊ាន ស្វាគមន៍ អបអរសាទរចំពោះការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន បើកទូលាយ មិនលក់សំបុត្រឱ្យប្រជាជនជាអ្នកគាំទ្រ មិនលក់សិទ្ធិផ្សព្វផ្សាយទៅបរទេស មិនយកប្រាក់ដែលជាកាតព្វកិច្ចមានចែងក្នុងលក្ខន្តិកៈអាស៊ានហ្គេម ហើយបានចំណាយ ថវិកាជាច្រើន សម្រាប់ការស្នាក់នៅរបស់កីឡាករ ដែលធ្វើឱ្យកិត្យានុភាព នៃព្រះរាជាណាចក្រ កម្ពុជាល្បីរន្ទឺលើពិភពលោក។
ឯកឧត្តម ម៉ប់ សារិន ក៏បានថ្លែងនូវការកោតសរសើរ ចំពោះសមត្ថកិច្ចពាក់ព័ន្ធផងដែរ ដែលបានរួមគ្នាធ្វើឱ្យបទល្មើសព្រហ្មទណ្ឌនៅក្នុងខែឧសភានេះ បានថយចុះ៤លើក (៤១លើក/៤៥លើក) ជាពិសេសបានស្រាវជ្រាវបង្ក្រាបករណីប្លន់អាជីវករលក់មាស នៅផ្សារ ស្ទឹងមានជ័យ ធ្វើឱ្យអាជីវករក្នុងរាជធានីភ្នំពេញមានភាពកក់ក្ដៅ។
ឯកឧត្តម កើត ឆែ បានលើកឡើងថា ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ខាងលើក គឺជាការលើកទឹកចិត្ត ដើម្បីឱ្យអាជ្ញាធររាជធានីភ្នំពេញ អនុវត្តន៍ការងារទាំងនេះឱ្យ កាន់តែល្អប្រសើរថែមទៀត ហើយចំពោះការណែនាំរបស់ក្រុមប្រឹក្សារាជធានី ឱ្យមានការ កែសម្រួលរបាយការណ៍របស់រដ្ឋបាលរាជធានី ក៏ជាចំណុចល្អ និងអរគុណផងដែរ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ បានបំពេញចំណុចខ្វះខាតក្នុងរបាយការណ៍៕


