ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត និងឯកឧត្តម ទៀ សីហា អញ្ជើញជាអធិបតី ពិធីបិទវគ្គបំប៉នជំនាញទប់ទល់ប្រឆាំងបាតុកម្ម ទប់ទល់ប្រឆាំងភេរវកម្ម ការចាប់ខ្លួនជនល្មើសបែបVIP សង្គ្រោះអគ្គីភ័យ ជំនាញសង្គ្រោះជនរងគ្រោះដោយឧបករណ៍ជំនួយស្វ័យប្រវត្តិ របស់កងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបំប៉នជំនាញទប់ទល់ប្រឆាំងបាតុកម្ម ទប់ទល់ប្រឆាំងភេរវកម្ម ការចាប់ខ្លួនជនល្មើសបែបVIP សង្គ្រោះអគ្គីភ័យ ជំនាញសង្គ្រោះជនរងគ្រោះដោយឧបករណ៍ជំនួយស្វ័យប្រវត្តិ របស់កងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ទោ តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា វគ្គបំប៉នជំនាញទប់ទល់ ប្រឆាំងបាតុកម្ម ទប់ទល់ប្រឆាំងភេរវកម្ម ការចាប់ខ្លួនជនល្មើសបែបVIP សង្គ្រោះអគ្គីភ័យ ជំនាញសង្គ្រោះជនរងគ្រោះ ដោយឧបករណ៍ជំនួយស្វ័យប្រវត្តិ របស់កងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលមានសិក្ខាកាម ចំនួន ១៦៥ រូប នាពេលនេះ គឺជាមុខជំនាញ ដែលកងកម្លាំងប្រដាប់អាវុធប្រើប្រាស់ជាប្រចាំ ជាពិសេសកងកម្លាំងនគរបាលជាតិតែម្ដង សំដៅធានាដល់ការចូលរួម ការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ បង្ការ ទប់ស្កាត់ បាតុភាព បង្កចលាចល បាតុកម្មខុសច្បាប់ បង្ក្រាបរាល់សកម្មភាពភេរវកម្ម រំដោះចំណាប់ខ្មាំង ការចាប់ខ្លួនជនល្មើសបែប VIP សង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ឲ្យបានត្រឹមត្រូវតាមការកំណត់របស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ។ ហើយវគ្គនេះទៀតសោធន៍ បានចាប់ផ្តើមពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ដែលមានមេរៀនហ្វឹកហាត់ចំនួន០៧មេរៀន គឺ១-ការចាប់ខ្លួនជនល្មើសបែប VIP, ២-ទប់ទល់ប្រឆាំងភេរវកម្ម, ៣-ទប់ទល់ប្រឆាំងបាតុក, ៤-បង្ការនិងពន្លត់អគ្គិភ័យ, ៥-ជំនាញកាត់រថយន្តសង្រ្គោះមនុស្ស, ៦-ច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ, ៧-ជំនាញហែលទឹកនិងសង្គ្រោះជនលង់ទឹក និងមានសិក្ខាកាមនិទ្ទេសល្អចំនួន១០នាក់ និទ្ទេសល្អបង្គួរចំនួន១៣៤នាក់ និទ្ទេសមធ្យមចំនួន៥២នាក់។
ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានកោតសរសើរដល់កងកម្លាំងនគរបាលជាតិ ដែលបានខិតខំហ្វឹកហ្វឺនរហូតដល់ថ្ងៃបិទបញ្ចប់នៅថ្ងៃនេះ និងសូមថ្លែងអំណរគុណដល់លោកស្នងការដែលបានរៀបចំកម្មវិធីនេះឡើង និងបានធ្វើបទបង្ហាញឲ្យឃើញថា កម្លាំងអន្តរាគមន៍ពិសេសរបស់យើង និងផែនផ្សេងៗទៀត មានការអភិវឌ្ឍន៍ទាំងគុណភាព តម្លៃ និងវិជ្ជជីវៈ ដើម្បីតបស្នងដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប។ ឯកឧត្តមសង្ឃឹមថា ការហ្វឹកហាត់នាពេលនេះ នឹងជួយដល់បងៗកងកម្លាំងមានសមត្ថកិច្ចក្នុងខេត្តសៀមរាប។
ថ្លែងនៅក្នុងពិធីបិទវគ្គ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានគាំទ្រនូវប្រសាសន៍របស់ឯកឧត្តមអភិបាលខេត្ត និងថ្លែងអំណរគុណឯកឧត្តម ដែលបានឆ្លៀតឱកាសដ៏មមាញឹកចូលរួមនាពេលនេះ ។ ឯកឧត្តម បន្តថា ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្តមពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកចូលរួម ក្នុងពិធីបិទវគ្គបំប៉នជំនាញទប់ទល់ប្រឆាំងបាតុកម្ម ទប់ទល់ប្រឆាំងភេរវកម្ម ការចាប់ខ្លួនជនល្មើសបែបVIP សង្គ្រោះអគ្គីភ័យជំនាញសង្គ្រោះជនរងគ្រោះដោយឧបករណ៍ជំនួយស្មារតីស្វ័យប្រវត្តិ របស់កងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាពេលនេះ។ ហើយក៏សូមថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ របស់ថ្នាក់ដឹកនាំនាយកដ្ឋាន-អង្គភាព ស្នងការដ្ឋាននគរបាលខេត្ត គណៈគ្រប់គ្រងវគ្គ គ្រូឧទេ្ទសនាម និងមន្ត្រីក្រោមឱវាទប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំ និងចាត់ចែងដំណើរការវគ្គនេះ ប្រព្រឹត្តិទៅដោយរលូន និងតាមផែនការដែលបានកំណត់។
ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តដាក់ចេញនូវគោលនយោបាយកំណែទម្រង់លើគ្រប់វិស័យ រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ នៃកងកម្លាំងគ្រប់ប្រភេទ ក្នុងបរិបទសកលភាវរូបនីយកម្ម និងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
ក្នុងន័យនេះ រាជរដ្ឋាភិបាល បានធ្វើការបេ្តជ្ញាចិត្តខ្ពស់ ក្នុងការធានាឲ្យបាននូវ សន្តិភាព ស្ថិរភាព នយោបាយ សេដ្ឋកិច្ច សង្គម សន្តិសុខ និងសុវត្ថិភាព ភូមិ ឃុំ សង្កាត់ ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ និងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ រស់នៅដោយសុខក្សេមក្សាន្ត និងមានជីវភាពល្អប្រសើរ ព្រមទាំងប្តេជ្ញា ការពារឯករាជ្យ និងបូរណភាពទឹកដី មិនឲ្យកម្លាំងណា មករំលោភបំពាន និងបំផ្លាញបានឡើយ។ ឯកឧត្តមបន្តថា ដើម្បីឈានទៅសម្រេចនូវគោលនយោបាយនេះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញនូវផែនការអភិវឌ្ឍន៍ធនធានមនុស្ស និងព្រមទាំងបានផ្តល់ការគាំទ្រគ្រប់បែបយ៉ាងទាំងស្មារតី សម្ភារៈ និងហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍន៍សមត្ថភាព វិជ្ជាជីវៈ ពង្រឹងគុណភាពអប់រំ បណ្តុះបណ្តាល និងលើកកម្ពស់ក្រមសីលធម៍វិជ្ជាជីវៈ ដល់មន្ត្រីនគរបាលជាតិ ឲ្យស្របតាមតម្រូវការ នៃអង្គភាពប្រើប្រាស់កម្លាំង និងធានាឲ្យបាននូវភាពជាម្ចាស់ការលើការងារបណ្តុះបណ្តាល ដោយកាត់បន្ថយ ការបញ្ជូនមន្ត្រីនគរបាលជាតិទៅសិក្សា ឬបណ្តុះបណ្តាលនៅក្រៅប្រទេស។
ឯកឧត្តមអគ្គស្នងការរង បានគូសបញ្ជាក់ទៀតថា វគ្គបំប៉នជំនាញនាពេលនេះ គឺជាមុខជំនាញដ៏សំខាន់សម្រាប់កងកម្លាំងនគរបាលជាតិ សំដៅធានាដល់ការចូលរួម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ ហើយទៀតសោត វគ្គបំប៉ននេះកើតចេញពីការអនុវត្តន៍នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ធ្វើការចង្អុលបង្ហាញ ដឹកនាំ បញ្ជា សំដៅពង្រឺងសមត្ថភាព មន្ត្រីនគរបាលជាតិបន្ថែមទៀត លើការរៀបចំយុទ្ធសាស្រ្ត យុទ្ធវិធី ឲ្យស្របតាមតួនាទីភារកិច្ចរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលទាមទារឲ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់យកទៅអនុវត្តន៍ឲ្យបានម៉ឹងម៉ាត់ ត្រឹមត្រូវតាមមុខជំនាញរៀងៗខ្លួន។
ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត ក៏បានពាំនាំនូវការផ្តាំផ្ញើ ការនឹករលឹក សាកសួរសុខទុក្ខពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ជូនដល់នាយ នាយរង និងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏ដូចជាមន្ត្រីនគរបាលជាតិទូទាំងប្រទេស ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម និងការដណ្តើមស្នាដៃ ជូនជាតិមាតុភូមិ នាពេលកន្លងមក និងកំពុងបន្តអនុវត្តនាពេលបច្ចុប្បន្ន និងទៅអនាគត។ ឆ្លងតាមរបាយការណ៍ខាងលើ បានបង្ហាញឲ្យឃើញច្បាស់ នូវការខិតខំយ៉ាងសកម្ម លើមូលដ្ឋានសាមគ្គីភាព ឯកភាពជាធ្លុងមួយ ក្នុងការចាត់តាំងអនុវត្តន៍ មានការរីកចំរើនលើគ្រប់វិស័យ ពិសេសលើការងារបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈនៃការបើកវគ្គហ្វឹកហ្វឺន និងបំប៉នមុខជំនាញនគរបាលផ្សេងៗ ។
ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានផ្តាំផ្ញើការងារមួយចំនួនដូចខាងក្រោម ៖
១-គោរពឲ្យបាននូវរាល់បទបញ្ញត្តិ ច្បាប់រដ្ឋ និងចូលរួមឲ្យសកម្មក្នុងការអនុវត្តន៍គោលនយោបាយ កែទំរង់កងកម្លាំងប្រដាប់អាវុធ ធ្វើជាឆ្អឹងខ្នងដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ដើម្បីដំណើរការស្តារ និងអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ។
២-ត្រូវយកចិត្តទុកដាក់បន្តការតស៊ូអត់ធន់ លះបង់ខ្ពស់ ប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវវិន័យ សេចក្តីថ្លៃថ្នូរ ឲ្យស័ក្តិសមជានគរបាលជាតិ ដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ ។
៣-ត្រូវសហការឲ្យបានជិតស្និទ្ធ បំបាត់ឲ្យបាននូវភាពអសកម្មទាំងឡាយ ចៀសវាងនូវការប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជាសេពគ្រឿងញៀន ជួញដូរមនុស្ស លួច ឆក់ ប្លន់ ជាដើម។
៤-បង្កើនវិធានការ ការគ្រប់គ្រង ថែរក្សាការពារសំភារៈ ឧបករណ៍ អាវុធជាតិផ្ទុះ ឲ្យបានគង់វង្ស មិនធ្វេសប្រហែស ដោយប្រការណាមួយធ្វើឲ្យធ្លាក់ដល់ដៃជនទុច្ចរិតយកទៅប្រព្រឹត្តបទល្មើសផ្សេងៗ ជាហេតុបង្កឲ្យមាន អសន្តិសុខ អស្ថិរភាព ក្នុងសង្គមជាតិនោះឡើយ ។
៥-តៀមលក្ខណៈជានិច្ចរង់ចាំទទួលបទបញ្ជា ក្នុងការជួយអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបប្រទះគ្រោះមហន្តរាយគ្រប់បែបយ៉ាងជាយថាហេតុ ។
៦-យកចិត្តទុកដាក់លើការថែរក្សា សុខមាលភាព ធ្វើយ៉ាងណាឲ្យចៀសផុតពីមេរោគកូវីត១៩ ជំងឺអេដស៍ និងជំងឺឆ្លងផ្សេងៗទៀត ក្លាយជាកម្លាំងដ៏ខ្លាំងក្លា លើកិច្ចការពារ សន្តិសុខ សុវត្ថិភាព ការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាល ដែលប្រសូតចេញពីឆន្ទៈ របស់ប្រជាពលរដ្ឋ ពិសេសការពារប្រជាជាតិកម្ពុជា ឲ្យរស់នៅក្នុងសុខសន្តិភាព និងសុភមង្គល ។
៧-មន្រ្តីនគរបាលជាតិទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រឹងប្រែងតស៊ូលត់ដំរៀនសូត្រផ្នែកទ្រឹស្តី ទាមទារឲ្យមានការយល់ដឹងច្បាស់លាស់ អំពីបច្ចេកទេសជំនាញ និងមានសមត្ថភាពគ្រប់គ្រាន់ ធានាបានសុវត្ថិភាព ១០០% នៅពេលអនុវត្តន៍ភារកិច្ចជាក់ស្តែង នៅពេលខាងមុខ ។
៨-ត្រៀមលក្ខណៈជានិច្ច រង់ចាំទទួលបទបញ្ជាសហការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ពេលបោះឆ្នោត និងក្រោយការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រអាណ្តត្តិទី៧ នាពេលខាងមុខ ។
ជាទីបញ្ចប់នេះ ជាមួយនិងការប្រកាសបិទវគ្គ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត បានថ្លែងអំណរគុណចំពោះស្មារតីខិតខំប្រឹងប្រែង របស់គណៈគ្រប់គ្រងវត្គ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ និងស្នើដល់សិក្ខាកាមទាំងអស់ យកចំណេះដឹង ដែលបានសិក្សាទៅអនុវត្តន៍បំពេញភារកិច្ច តាមអង្គភាពរបស់ខ្លួនប្រកបដោយប្រសិទ្ធិភាព គុណភាពខ្ពស់ និងសូមប្រសិទ្ធិពរជ័យជូន គណៈអធិបតី ភ្ញៀវកិត្តិយស ព្រមទាំងមន្ត្រីនគរបាលជាតិទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លាងឃ្លាតឡើយ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ ក៏បាននាំយកថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំនួន១០លានរៀល ឧបត្ថម្ភជូនស្នងការដ្ឋាននគរបាលខេត្តសៀមរាបផងដែរ ៕



