ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខា ភិបាលបានថ្លែងថា វ៉ាក់សាំងកូវីដ ១៩នៅតែបន្តចាក់ជូនបងប្អូន ប្រជាពលរដ្ឋដដែលដោយឥតគិតថ្លៃ នៅតាមមូលដ្ឋានសាធារណៈ បើទោះបីស្ថានភាពកូវីដមានភាពធូរស្រាលក៏ដោយ ប៉ុន្តែជំងឺនេះមិនទាន់រលាយបាត់ពីពិភពលោកនោះទេ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក -១៩) បានថ្លែងឱ្យដឹងថា កន្លងមកនេះ អង្គការសុខាភិបាលពិភព លោក បានប្រកាសដោយបញ្ជាក់ថា ជំងឺកូវីដ១៩ បានឆ្លងនិងកើតនៅលើសកលលោកយើងរួចហើយ ប៉ុន្ដែក៏មិនទាន់ទៅណា នៅតែកើត មានទៀតនៅលើពិភពលោកនេះ ប៉ុន្ដែលែងជាក្ដីកង្វល់អន្ដរជាតិ។ តែទោះជាយ៉ាងណា អង្គការសុខភាពពិភពលោក បានផ្ដល់នូវអនុសាស ន៍ដល់បណ្ដាប្រទេសជាសមាជិក ត្រូវបន្ដយកចិត្ដទុកដាក់ និងគិតគូរពីការបន្ដផ្ដល់វ៉ាក់សាំងនេះជូនប្រជា ពលរដ្ឋខ្លួន ឱ្យទៅជាលក្ខណៈបែប ជាការងារប្រចាំ ដូចជាកម្មវិធីចាក់ថ្នាំបង្ការដែលក្រសួងសុខាភិបាលមាន ស្រាប់ទៅហើយ ។
លោកជំទាវបន្ដថា គ.វ.ក-១៩ នឹងបន្ដផ្ដល់វ៉ាក់ សាំងកូវីដ១៩ ប៉ុន្ដែឈរនៅលើគោលការណ៍ស្ម័គ្រចិត្ដ ហើយមិនមានដាក់ចេញជាយុទ្ធនាការ ឬមិនមានដាក់ចេញជាទីតាំងចល័តទៀតទេ គឺធ្វើនៅតាមមូលដ្ឋានសាធារណៈ មានមណ្ឌលសុខភាព ឬមន្ទីរពេទ្យនានា ដែលមាននៅកម្ពុជា។ ជាងនេះទៅទៀត ការចាក់វ៉ាក់សាំងនេះ ក៏ត្រូវប្រដំប្រសង ជាមួយនឹងការចាក់ថ្នាំបង្ការ ដែលកន្លងមកក្រសួងសុខាភិបាលក៏មានកម្មវិធីជាតិចាក់ថ្នាំបង្ការ ហើយបច្ចុប្បន្ននេះក៏កំពុងបន្ដការងាររបស់ខ្លូន ក្នុងការផ្ដល់ថ្នាំបង្ការដល់កុមារា កុមារី និងវ៉ាក់សាំងមួយចំនួនផ្ដល់សម្រាប់មនុស្សធំ ដូចជាថ្នាំតេតាណូសជាដើម។
សំឡេង៖ «ហើយការចាក់ជាប្រចាំនេះ យើងនឹងធ្វើការងារជាបណ្ដើរៗទៅមុខទៀត ដែលគវក កំពុងតែប្រតិបត្តិតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល គឺយើងនឹងបន្តផ្តល់ ប៉ុន្តែក៏នៅក្នុងស្ថាន ភាពឈរលើគោលដៅស្ម័គ្រចិត្ត ហើយក៏មិនមានយុទ្ធនាការឬក៏ទីតាំងចល័តទៀតនោះទេ មាន ន័យថា ការផ្តល់វ៉ាក់សាំងនេះគឺធ្វើទៅតាមមូលដ្ឋានសុខាភិបាល ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យ ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយការចាក់នេះក៏ត្រូវធ្វើជាមួយនឹងកម្មវិធីចាក់ថ្នាំបង្ការ ព្រោះបច្ចុប្បន្នក៏កំពុងតែដំណើរការផ្តល់ថ្នាំបង្ការទៅដល់កុមារា កុមារីដែលមានអាយុក្រោម៥ឆ្នាំ រួមនឹងវ៉ាក់សាំងមួយចំនួនទៀត ដែលផ្តល់ទៅមនុស្សធំផងដែរ។ »
លោកជំទាវវេជ្ជបណ្ឌិតក្រើនរំលឹកជាថ្មីម្តងទៀតថា សម្រាប់គម្លាតនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺត្រូវមានគម្លាតពី ៦ខែ ទៅ៨ខែ អាចទៅទទួលការចាក់វ៉ាក់សាំងដូសជាបន្ដបន្ទាប់បាន ដើម្បីបង្កើននូវការការពារដ៏រឹងមាំពីជំងឺកូវីដ១៩៕ ប្រភព៖ វិទ្យុជាតិកម្ពុជា

