រតនគិរី៖ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ស្ថិតនៅក្នុងស្រុកលំផាត់ និងស្រុកកូនមុំដែលបច្ចុប្បន្នទឹកកំពុងហក់ឡើងជិតដល់កម្រិតប្រកាសអាសន្នដោយសារជំនន់ទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។
ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះផងដែរ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី មានប្រសាសន៍ថា អាជ្ញាធរខេត្តបានត្រៀមរួចជាស្រេចនូវវិធានការសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបបានទាន់ពេលវេលាក្នុងករណីមានគ្រោះមហន្តរាយកើតឡើងធ្ងន់ធ្ងរប៉ះពាល់ដល់ជីវភាពរស់នៅនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ ដែលកំពុងជន់ឡើងខ្លាំងនេះ សូមស្វែងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សាអនាម័យឱ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀតអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា ។
សូមបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ប៉ាន់ប្រមាណរហ័សអំពីផលប៉ះពាល់ ការបាត់បង់ ខូចខាត និងតម្រូវការដោយសារគ្រោះមហន្តរាយ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរីចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ គិតត្រឹមម៉ោង០១:២១ រសៀល បានអោយដឹងថា ស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ជា បន្តបន្ទាប់ជាប់គ្នាជាប្រចាំអំឡុងចុងខែកក្កដា ឆ្នាំ២០២៣ នេះបានបណ្តាលឱ្យក្នុងភូមិសាស្ត្រស្រុកមួយចំនួន ដែលស្ថិតនៅតំបន់ទំនាប និងតាមបណ្ដោយទន្លេ រងនូវការជន់លិចលង់ដោយសារជំនន់ទឹកភ្លៀងធ្វើឱ្យប៉ះពាល់ លើទ្រព្យសម្បត្តិ ផលដំណាំរបស់ប្រជាពលរដ្ឋ រួមមាន៖
-ទឹកជំនន់លិច ចំនួន ៣ស្រុកគឺស្រុកលំផាត់ស្រុកកូនមុំនិងស្រុកអូរយ៉ាដាវ មាន ៧ ឃុំ ស្មើនឹង ១៥ ភូមិ ដែលប៉ះពាល់ប្រជាពលរដ្ឋ ចំនួន ៣២៩ គ្រួសារ ស្មើនឹងមនុស្ស ១១៩៥នាក់ ស្រី ៦១០ នាក់ របួស ១នាក់ ។
-ផ្ទះសម្បែងសរុប ចំនួន ៦៧ ខ្នង វត្តអារាម ចំនួន ១ ។
-ដំណាំចម្ការ/ដំណាំរួមផ្សំចំនួន ១០០ ហិកតាសន្ទូង/ពង្គ្រោះ ចំនួន ១០៥ ហិកតា និងសំណាប ចំនួន ១០៣ ហិកតា ។
-ផ្លូវគ្រួសក្រហមប្រវែង ២៧៦៩ ម៉ែត្រ ស្ពានបេឡេត៍ចំនួន ៥ កន្លែង និងលូកាត់ផ្លូវ ចំនួន ១១ កន្លែង ៕
