រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ២០២៣
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ចេញ៣ចំណុចសំខាន់ៗដើម្បីផ្តល់សេវាកម្ម ការពារសិទ្ធិ និងការពារផលប្រយោជន៍ជូនពលករនៅក្រៅប្រទេស។ ចំណុចសំខាន់ៗទាំងនោះរួមមាន ទី១ ការពង្រឹងសេវាអនុពន្ឋការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាព្រមទាំងសហការយ៉ាងជិតស្និទ្ឋជាមយមជ្ឈមណ្ឌលគាំពារពលករបរទេស តាមបណ្តាប្រទេសគោលដៅ។ បន្ថែមពីនេះ ក្រសួងការងារ និងវិជ្ជាជីវៈកំពុងបន្តពង្រឹងយន្តកាចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចការងារទីភ្នាក់ងារជ្រើសរើសឯកជនដើម្បីធានាពីប្រសិទ្ធិភាពកិច្ចការងារជ្រើសពលករ។
បន្ថែមពីនេះចំណុចទី៣ ក្រសួង ក៏បានផ្តល់ការគាំទ្រ និងភាពងាយស្រួលជូនបងប្អូនពលករធ្វើការនៅក្រៅប្រទេស តាមរយៈការសម្រួលបែបទឯកសារ ការគាំពារតាមផ្លូវច្បាប់ អន្តរាគមន៍សង្រ្គោះនៅពេលមានហានិភ័យនិងការជួបសួរសុខទុក្ខជាប្រចាំ។
សូមបញ្ជាក់ថា ដើម្បីពង្រឹងអត្ថប្រយោជន៍ពលករនៅក្រៅប្រទេសជាពិសេសក្នុងតំបន់អាស៊ាន កម្ពុជាក្នុងនាមជាប្រធានអាស៊ានលើកទី៤១ កម្ពុជាបានផ្តួចផ្តើមឲ្យមានការធានាចល័តភាពរបបសន្តិសុខសង្គម ក្នុងតំបន់អាស៊ាន និងសម្រេចបានចេញ « សេចក្តីថ្លែងកាអាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម»។
គួររំលឹកថាក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះពីឆ្នាំ២០១៨ដល់ឆ្នាំ២០២២ ក្រសួងជួយអន្តរាគមន៍សម្របសម្រួលពលករ និង ដោះស្រាយបញ្ហាទូទៅរបស់ពលករជួបការលំបាកដែលសរុបចំនួន ១៤ ៨៥១ករណី។ ដោយឡែកក្នុងបរិបទកូវីដ១៩ដែលជាវិបត្តិសុខភាពសកល ក្រសួងការងារ បានចូលរួមសម្របសម្រួលនិងផ្តល់ជំនួយជាថ្នាំព្យាបាល និងស្បៀងអាហារដល់ពលករដែលជួបការលំបាកនៅប្រទេសថៃ។

