ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ផ្តាំផ្ញើដល់និស្សិតចេញទៅបន្តការសិក្សានៅក្រៅប្រទេស សូមកុំភ្លេចជាតិរបស់ខ្លួន គ្មានអ្វីដែលល្អជាងជាតិខ្លួនឯងនោះទេ ហើយត្រូវប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីយកនូវចំណេះដឹងមកបំរើជាតិអោយកាន់តែរីកចំរើន
ក្នុងឱកាសទទួលជួបសំណេះសំណាលជាមួយ ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍នូវែលសេឡង់ ឆ្នាំសិក្សា ២០២៤-២០២៥ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍រំលឹក និងផ្តាំផ្ញើដល់ប្អូនៗនិស្សិតទាំងអស់ដែលទទួលបានអាហាររូបករណ៍ទៅរៀននៅបរទេស ត្រូវចាំថា “ និស្សិតម្នាក់គឺជាឯកអគ្គរាជទូតតំណាងអោយកម្ពុជា “ ក្រៅពីការទទួលបានចំណេះដឹង ជំនាញ តែប្អូនៗនិស្សិត ជាអ្នកផ្សព្វផ្សាយនូវវប្បធម៍ ប្រពៃណី ទំនៀមទំលាប់ សាសនា អោយជនបរទេសបានដឹងបានស្គាល់កម្ពុជាពិតកាន់តែច្បាស់ ។
ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ប្អូនៗនិស្សិតដែលត្រូវចេញទៅបន្តការសិក្សានៅក្រៅប្រទេសគឺជាធនធានមនុស្សដ៏សំខាន់ និងជាអ្នកបន្តវេន ក្នុងការដឹកនាំក្រសួង ស្ថាប័ន និងប្រទេសជាតិ ពិសេសការរក្សា និងការពារសុខសន្តិភាពអោយបានល្អ រឹងមាំជារៀងរហូត ។
ឯកឧត្តម រដ្ឋមន្រ្តី បានផ្តាំផ្ញើដល់ប្អូនៗយុវជនដែលជាអ្នកបន្តវេន សូមកុំបំផ្លាញនូវអ្វីដែលជាសមិទ្ធិផលរបស់អ្នកចាស់ខិតខំកសាង និងរក្សាបាននាពេលបច្ចុប្បន្ននេះ “ រក្សាចាស់ បង្កើតថ្មី “ ។
កញ្ញា ធលធឿន ចាន់រស្មី ដែលត្រូវទៅសិក្សាបន្តថ្នាក់បណ្ឌិតផ្នែកអប់រំ តំណាង ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ នូវែលសេឡង់ ឆ្នាំសិក្សា ២០២៤-២០២៥ បានធ្វើរបាយការណ៍ជម្រាបជូនថា
ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ រដ្ឋាភិបាលនូវែលសេឡង់ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាដល់បេក្ខជន-បេក្ខនារីសរុបចំនួន ៣០ រូប លើមុខជំនាញសំខាន់ៗដូចជា ការអប់រំ សំណង់ បរិស្ថាន បច្ចេកវិទ្យាព័ត៌មាន គោលនយោបាយសាធារណៈ ទំនាក់ទំនងអន្តរជាតិ និងធុរកិច្ច ឌីជីថល ដើម្បីចូលរួមចំណែកជួយដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតជ័យលាភីអាហាររូបករណ៍ ទាំងអស់នឹងត្រូវត្រលប់មកបម្រើជាតិមាតុភូមិ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជាស្របតាមយុទ្ធសាស្រ្តបច្ចកោណ និងសក្តានុពលជំនាញរៀងៗខ្លួន ។
ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានផ្តល់ជូននូវថវិកាមួយចំនួន ជាការលើកទឹកចិតដល់ ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍នូវែលសេឡង់ ឆ្នាំសិក្សា ២០២៤-២០២៥ ៕
ដោយះ ទទក

