ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ អាណតិ្តទី៤ សម្រាប់ខេត្តសៀមរាប មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន៥
ក្នុងពិធីចាប់ឆ្នោតយកលេខរៀងរបស់គណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ លោក នីម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ អាណតិ្តទី៤ ឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ ហើយសម្រាប់ខេត្តសៀមរាប មានគណបក្សនយោបាយចំនួន៥ បានចូលរួមប្រកួតប្រជែង រួមមាន៖ គណបក្សប្រជាជនកម្ពុជា , គណបក្សឆន្ទៈខ្មែរ , គណបក្សកម្លាំងជាតិ , គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ហើយគោលបំណងនៃការចាប់ឆ្នោត គឺសំដៅធ្វើឱ្យមានភាពយុត្តិធម៌ និងតម្លាភាព ក្នុងការកំណត់លេខរៀង ឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត នៅលើសន្លឹកឆ្នោត ដែលត្រូវប្រើក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ២០២៤។
លោកបន្តថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ អាណតិ្តទី៤ នៅខេត្តសៀមរាប មានមណ្ឌលបោះឆ្នោតចំនួន១៤ នៅតាមកន្លែងប្រមូលផ្តុំ នៃក្រុងស្រុកទាំង១៣ ក្នុងខេត្តសៀមរាប ដោយឡែកមណ្ឌលបោះឆ្នោតក្រុមប្រឹក្សាខេត្ត គឺស្ថិតនៅជាមួយមណ្ឌលបោះឆ្នោតក្រុង ស្រុកទាំង១៣ ក្នុងនោះ ក្នុងមួយការិយាល័យបោះឆ្នោតមានហិបឆ្នោតចំនួនពីរ គឺមួយសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាខេត្ត និងមួយទៀត សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាក្រុងស្រុក ដែលមានអ្នកចូលរួមបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងសរុប ចំនួន ៦៦៨នាក់។
លោក នីម វ៉ាន់សំ បន្តទៀតថា ផ្អែកតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ គណៈកម្មការរៀបចំការចំការបោះឆ្នោតខេត្តសៀមរាប បានទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈ្មោះបោះឆ្នោត ដែលមានរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ដោយមានគណបក្សនយោបាយចំនួន៥ បានចុះបញ្ជី ហើយក្រោយពីបានសម្រេចទទួលស្គាល់ជាផ្លូវការ លើការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ត្រូវរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ ដាក់លើសន្លឹកឆ្នោត ជ្រើសរើសក្រុមប្រឹក្សា នៅតាមមណ្ឌលបោះឆ្នោតនីមួយៗ ៕
អត្ថបទ និងរួបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ






