ជំនួបសម្ដែងការគួរសម និងសំណេះសំណាលការងារជាមួយមេបញ្ជាការកងទ័ពពិសេស
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និង កីឡា បានទទួលជួបសម្ដែងការគួរសម និងសំណេះសំណាលការងារជាមួយ បញ្ជាការកងទ័ពពិសេស ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការដ្ឋានទ័ពពិសេស និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ភាគីពាក់ព័ន្ធក្រោមឱវាទក្រសួង។
ក្នុងឱកាសជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ បានជម្រាបជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗ នៃបញ្ជាការកងទ័ពពិសេស ពាក់ព័ន្ធនឹងការហ្វឹកហាត់នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ការសាងសង់អគារបន្ទាយកងទ័ព និងការត្រៀមប្រារព្ធពិធីអបអរសាទរចូលឆ្នាំថ្មីប្រពៃណីជាតិ នៅបញ្ជាការដ្ឋានទ័ពពិសេស ហើយក៏ឆ្លៀតឱកាសនេះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់ផែនការសកម្មភាពអភិវឌ្ឍនានារបស់បញ្ជាការកងទ័ពពិសេសកន្លងមក។
ក្នុងឱកាសខិតជិតមកដល់ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី តាងនាមឱ្យក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ជំនួយជាថវិកាឧបត្ថម្ភជូនដល់បញ្ជាការកងទ័ពពិសេស និងបានជូនពរឆ្នាំថ្មី សិរីសួស្តី ជ័យមង្គលមហាប្រសើរ ជូនដល់កងទ័ពពិសេសទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមទទួលបានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច កុំបីឃ្លៀងឃ្លាតឡើយ៕



