ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូន លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី
នាព្រឹកថ្ងៃព្រហស្បតិ៍ ១០ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧
ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូន លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ពីស្ថាប័ន អង្គភាពពាក់ព័ន្ធប្រមាណជាង៣០រូប។
កម្មវិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសធ្វើឡើងដើម្បីជាការផ្តល់កិត្តិយសនិងលើកទឹកចិត្តជូនដល់លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនីដែលបានចូលរួមចំណែកអភិរក្ស លើកស្ទួយ និងអភិវឌ្ឍ លើវិស័យសិល្បៈវប្បធម៌របស់ខ្មែរ ក៏ដូចជាការចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ធំៗកន្លងមក ដូចជាកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំASEM ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ និងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជាក្នុងការបង្ហាញនូវវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់ទៅកាន់ពិភពលោក។
ស្របតាមគោលការណ៍នយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានទទួលការប្រោសព្រះរាជទាន និងការប្រគល់នូវ គ្រឿងឥស្សរិយយស សរុបចំនួន ២,១៣៣គ្រឿង ជូនដល់មរតកមនុស្សរស់ ព្រឹទ្ធាចារ្យសិល្បៈ វីរៈសិល្បករ សិល្បករ សិល្បការិនីគ្រប់ទម្រង់ ដែលបានចូលរួមចំណែកក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈរួមមាន៖
១.ជាតូបការ ចំនួន ១៥ គ្រឿង
២.ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន ៣៣ គ្រឿង
៣.ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ចំនួន ១២ គ្រឿង
៤.ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ ចំនួន ១៨ គ្រឿង
៥.ព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា ចំនួន ០២ គ្រឿង
៦.ព្រះរាជាណាចក្រកម្ពុជា ថ្នាក់អស្សឫទ្ធិ ចំនួន ០៥ គ្រឿង
៧.មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន ៣៧ គ្រឿង
៨.មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា ចំនួន ៥៦ គ្រឿង
៩.មុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ចំនួន ៤១១ គ្រឿង
១០.មុនីសារាភ័ណ្ឌ ថ្នាក់សេនា ចំនួន ៨២ គ្រឿង
១១.មុនីសារាភ័ណ្ឌ ថ្នាក់អស្សឫទ្ធិ ចំនួន ១,៤៦១ គ្រឿង
១២.សហមេត្រី ថ្នាក់អស្សឫទ្ធិ ចំនួន ០១ គ្រឿង



