ខេត្តឧត្តរមានជ័យ៖ លោក ឈួនបូរី ជំនួយការផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជាបានអញ្ជើញដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ សំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន, នាយនគរបាល និងពលនគរបាល ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ សមរភូមិមុខទិសប្រាសាទតាមាន់និងប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។
កម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក នង ដារុន សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក សាក់ ស៊ុនណាក់ ប្រធានចលនាយុវជនកម្ពុជាក្រុម ១៥៧ ស្រុកភ្នំស្រុក តំណាងអោយ លោក ចៅ ជាអាន ប្រធានចលនាយុវជនសាខាខេត្តបន្ទាយមានជ័យ ព្រមទាំងប្រជាពលរដ្ឋជាច្រើនកុះករ។
នាឱកាសនេះដែរ លោក ឈួន បូរី បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធរបស់យើង ជាពិសេសកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ជាមួយគ្នានេះផងដែរ លោក ឈួន បូរីក៏បានសម្តែងនូវការកោតសរសើរ និងដឹងគុណដល់បងប្អូនកងទ័ព នាយទាហាន ពលទាហានទាំងអស់ ដែលបានលះបង់កម្លាំងកាយ-ចិត្ត ហ៊ានពលីអាយុជីវិត ចូលរួមក្នុងសមរភូមិ ដើម្បីការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងនាំមកនូវសុខសន្តិភាព ស្ថិរភាព ដែលជាការចាំបាច់ដល់ការសម្រេចបាននូវសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ។ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការងារគ្រប់គ្រងព្រំដែន និងបានយកចិត្តទុកដាក់ចំពោះកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនយ៉ាងខ្លាំង។
បន្ទាប់ពីបានសំណេះសំណាលជាមួយឧត្តមសេនីយ៍ត្រី នាក់ វង្សមេបញ្ជាការទទួលទិសសមរភូមិប្រាសាទតាមាន់រួចមក លោកក៏បានអញ្ជើញចុះមើលនូវសមិទ្ធផលនានា ជាពិសេសអាងស្តុបទឹកមួយកន្លែងដែលបានសាងសង់រួចរាល់ សម្រាប់ឲ្យកងកម្លាំង និងប្រជាពលរដ្ឋនៅទីនោះប្រើប្រាស់។
នៅក្នុងកម្មវិធីនោះលោក ឈួន បូរី ព្រមទាំងក្រុមការងារនិងបងប្អូនប្រជាពលរដ្ឋអមដំណើរអមដំណើរ បានរៀបចំពិធីបួងសួង សូមជួយបីបាច់ថែរក្សាដល់កងទ័ព កងនគរបាលជាតិ ឱ្យជួបតែសេចក្តីសុខសេចក្តីចម្រើន និងទទួលបានជ័យជំនះគ្រប់ភារកិច្ចនឹងបាននាំយកអំណោយគ្រឿងឧបភោភបរិភោគជូនដល់កងកម្លាំងដែលកំពុងឈរជើងនៅសមរភូមិទិសប្រាសាទតាមមាន់និងប្រាសាទតាក្របីរួមមាន៖
- មី ១០ កេះ
- អង្ករ 10 ការ៉ុង
- ទឹកសុទ្ធ 350 យួរ
- ម្ហូបអាហារសម្រាប់មនុស្ស ៣៥០ នាក់
- នំបុ័ង ២០០ដើម
- ផ្លែស្វាយ ១០០ គីឡូព្រមទាំងថវិកាមួយចំនួនផងដែរ។










