គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២២ មន្ត្រីឧទ្យានុរក្ស បានចុះល្បាត និងបង្ក្រាបបានបទល្មើសចំនួន៤.២៥០ករណី ដែលភាគច្រើនជាបទល្មើសកាប់រុករានទន្ទ្រានកាន់កាប់ដីរដ្ឋ ដោយខុសច្បាប់ បទល្មើសព្រៃឈើ និងបទល្មើសសត្វព្រៃ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានក្នុងឱកាសចុះបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីនគរបាលយុត្តិធម៌ពីការប្រឆាំងការសម្អាតប្រាក់ពាក់ព័ន្ធបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី៥ ខែតុលា។ ឯកឧត្តម បញ្ជាក់ថា ក្នុងអំឡុងពេលនៃការចុះបង្រ្កាបនេះ មន្ត្រីឧទ្យានុរក្ស បានដកហូតវត្ថុតាងជាឈើអារចម្រុះចំនួន៧៥៨ម៉ែត្រគូប ដកហូតវត្ថុតាងជាមធ្យោបាយ ឧបករណ៍សម្ភារក្នុងនោះរួមមានរណារយន្តចំនួន១.៧២៤គ្រឿង រថយន្ត៥១គ្រឿង ត្រាក់ទ័រចំនួន៧គ្រឿង គោយន្តកន្ត្រៃចំនួន១៣៨គ្រឿង ម៉ូតូ១៥២គ្រឿង ដោះអន្ទាក់សត្វចំនួនជាង២ម៉ឺន៦ពាន់អន្ទាក់ ដកហូតអាវុធកែច្នៃចំនួន៣៤៤ដើម បានធ្វើការអប់រំកិច្ចសន្យាចំនួន១.១៦៧ករណី បានធ្វើពិន័យអន្តរការណ៍ចំនួន២៥៨ ករណី និងបញ្ជូនសំណុំរឿងទៅតុលាការ៣៥៣ករណី។ ឯកឧត្តម មានប្រសាសន៍ថា បច្ចុប្បន្ននេះ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងកើតមានទៀតហើយ នៅមានបទល្មើសទ្រង់ទ្រាយតូច ដែលមន្ត្រីជំនាញជាពិសេសមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបន្តទប់ស្កាត់និងបង្ក្រាបជាប្រចាំ។ តែទោះជាយ៉ាងនេះក្តី មន្ត្រីនគរបាលយុត្តិធម៌ នឹងត្រូវពន្លាតលើបទល្មើសនៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងករណីរកឃើញថា បទល្មើសដើមនៃបទល្មើសព្រៃឈើ និងបទល្មើសសត្វ ព្រៃខុសច្បាប់មានតម្រុយពាក់ព័ន្ធនឹងការសម្អាតប្រាក់។ សូមបញ្ជាក់ថា ក្រសួងបរិស្ថាន មានមន្ត្រីនគរបាល និងមន្ត្រីអនុវត្តច្បាប់សរុបជាង១.៤២២ នាក់។ រហូតមកដល់ពេលនេះ ខេត្តដែលមានតំបន់ការពារធម្មជាតិចំនួន១៤ហើយ ដែលមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់របស់ក្រសួងបរិស្ថានសរុបចំនួនជាង ៧០០រូប ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងបទល្មើសធនធានធម្មជាតិពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងបទល្មើសជួញដូរសត្វព្រៃខុសច្បាប់៕

