ពិតជាគួរឲ្យសង្វេកណាស់ បុរសម្នាក់ចូលព្រៃរកបេះបន្លែលក់ ជាន់ម៉ីនផ្ទុះដាច់ជើងឆ្វេងរងរបួសធ្ងន់ ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ៖ ពិតជាគួរឲ្យសង្វេកណាស់ បុរសម្នាក់បណ្ដើរឆ្កែចូលព្រៃតាមបន្ទាត់ព្រំដែន ដើម្បីបេះបន្លែស្លឹកព្រិចនិងប្រដេញសត្វយកមកឲ្យម្ដាយលក់ដើម្បីយកប្រាក់ចិញ្ចឹមជីវិត ក៏ត្រូវជាន់ម៉ីនផ្ទុះ បណ្ដាលឱ្យដាច់ជើងឆ្វេងរងរបួសធ្ងន់ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៣ នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះលី លាក់ ភេទប្រុស អាយុ ៣៥ រស់នៅក្នុងបន្ទុកជាមួយឪពុកម្ដាយនៅភូមិឃុំកើតហេតុខាងលើ បានរងរបួសដាច់ជើងឆ្វេង ។
សមត្ថកិច្ចប្រាប់ថា បុរសខាងលើមានគ្រួសារម្ដងរួចហើយ តែមិនមានកូនឡើយ ដោយសារតែក្នុងបន្ទុកឪពុកម្ដាយមានបងប្អូនប្រុស-ស្រី ៩នាក់ បានដើររកបេះស្លឹកព្រិច និងប្រដេញសត្វជារៀងរាល់ថ្ងៃ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីយកមកឲ្យម្ដាយលក់បានប្រាក់ទិញអង្ករ និងម្ហូបចិញ្ចឹមគ្រួសារប្រចាំថ្ងៃ តែអកុសលក៏បានជាន់ម៉ីនសល់ពីសម័យសង្គ្រាម ម៉ាក k 58 ផ្ទុះរងរបួសធ្ងន់តែងម្ដង។
ប្រភពព័ត៌មានបានឱ្យដឹងថា ឪពុកម្ដាយ រួមទាំងកូនដែលក្នុងគ្រួសារខាងលើក៏នាំគ្នាស៊ីឈ្នួលគេផងដែរ។ក្រោយកើតហេតុ គេឃើញមានសមត្ថកិច្ចការពារព្រំដែនគោក សហការជាមួយអាធ្ញាធរក្នុងមូលដ្ឋាន ចូលទៅយកបុរសខាងលើទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកដីថ្មីក្រុងប៉ោយប៉ែត មើលទៅស្ថានភាពជនរងគ្រោះរបួសធ្ងន់ធ្ងរក៏បានបញ្ជូនបន្តទៅបន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុនមង្គលបុរីខេត្តបន្ទាយមានជ័យដើម្បីជួយសង្គ្រោះនិងព្យាបាល៕
សូមបងប្អូនដែលជាអ្នកព្រៃត្រូវមានការប្រុងប្រយ័ត្នខ្ពស់។




