ភ្នំពេញថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ -
លោក អ៊ីរីក លីនដេបជើហ្គ (Eirik Lindebjerg) អ្នកដឹកនាំគោលនយោបាយផ្លាស្ទិកសកលនៃមូលនិធិពិភពលោកសម្រាប់ធម្មជាតិ (WWF) បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះថា ការដាក់ចេញនូវវិធានការបន្ថែមទៀតដើម្បីប្រឆាំងនឹងការបំពុលប្លាស្ទិក គឺជាតម្រូវការចាំបាច់។
លោក លីនដេបជើហ្គ បាននិយាយដោយសង្កត់ធ្ងន់ទៅលើភាពបន្ទាន់នេះនៅមុនថ្ងៃទិវាបរិស្ថានពិភពលោកឆ្នាំ២០២៣ និងកិច្ចពិភាក្សាសន្ធិសញ្ញាបំពុលប្លាស្ទិករបស់អង្គការសហប្រជាជាតិនៅទីក្រុងប៉ារីស ដោយលោកបាននិយាយថា «ការផលិត និងការប្រើប្រាស់ផ្លាស្ទិកច្រើនពេក កំពុងបំពុលទន្លេ និងមហាសមុទ្រ សម្លាប់សត្វព្រៃ បំពុលអាហារ ខ្យល់ និងទឹករបស់យើង ហើយវាកាន់តែអាក្រក់ទៅៗ»។
យោងតាមកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ប្លាស្ទិកជាង ៤០០លានតោនត្រូវបានផលិតជារៀងរាល់ឆ្នាំ ដែលពាក់កណ្តាលត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់តែម្តងប៉ុណ្ណោះ។ ក្នុងចំណោមនោះ តិចជាង ១០% ត្រូវបានកែច្នៃឡើងវិញ។ ការប៉ាន់ប្រមាណពី ១៩ទៅ ២៣លានតោនបានចាក់ទៅនៅក្នុងបឹង ទន្លេ និងសមុទ្រ។
កិច្ចពិភាក្សាសន្ធិសញ្ញាស្តីពីការបំពុលប្លាស្ទិករបស់អង្គការសហប្រជាជាតិដែលមានគោលបំណងបង្កើតឧបករណ៍ស្របច្បាប់អន្តរជាតិស្តីពីការបំពុលប្លាស្ទិក នឹងត្រូវធ្វើឡើងនៅទីក្រុងប៉ារីសរវាងថ្ងៃទី២៩ ខែឧសភាដល់ថ្ងៃទី២ ខែមិថុនា។ លោកបាននិយាយថា នេះគឺជាកិច្ចប្រជុំចុងក្រោយ មុនពេលយើងពិភាក្សាទៅលើអត្ថបទច្បាប់។ ដូច្នេះហើយ វាជារឿងសំខាន់ដែលរដ្ឋាភិបាលនានាមកចូលរួមកិច្ចប្រជុំនេះដោយមានមហិច្ឆតាខ្ពស់ និងត្រៀមខ្លួនជាស្រេចដើម្បីកំណត់ច្បាប់ និងបទប្បញ្ញត្តិជាសកលដែលចាំបាច់។ លោកបាននិយាយបន្ថែមថា វាក៏សំខាន់ផងដែរដែលសន្ធិសញ្ញានេះមានយន្តការគាំទ្រត្រឹមត្រូវសម្រាប់ការអនុវត្ត ដូចជាការគាំទ្រផ្នែកហិរញ្ញវត្ថុ និងកិច្ចសហការបច្ចេកទេសជាដើម។
ដោយអបអរសាទរចំពោះការរួមចំណែករបស់ប្រទេសចិននៅក្នុងតំបន់នេះ លោក លីនដេបជើហ្គ បាននិយាយថា សកម្មភាពដូចជាការលើកកម្ពស់គំនិតផ្តួចផ្តើមរបស់ប្រទេសចិនដ៏ស្រស់ស្អាត និងការពង្រឹងការអភិរក្សជីវៈចម្រុះជាយុទ្ធសាស្ត្រជាតិ គឺជាជំហានដ៏សំខាន់៕ (ប្រភព ភីបផលដេលី បកប្រែដោយលោក មូល មិនា)


