ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣--
ដើម្បីពន្លឿននៃការដោះស្រាយជូនប្រជាពលរដ្ឋ ដែលបានទិញផ្ទះល្វែង និងដីឡូត៍ ពីក្រុមហ៊ុនបុរី វីអាយភី ស្ថិតនៅភូមិម៉ឺន្ក្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ឱ្យបានលឿននិងឈានទៅដល់ការឯកភាពគ្នាបញ្ចប់រឿង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ឱ្យលោក ឃ្លាំង ហួត និងលោកសុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំពិភាក្សារកដំណោះស្រាយ ជូនប្រជាពលរដ្ឋបន្តទៀត ។
កិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាព នៃការរកដំណោះស្រាយ ករណីប្រជាពលរដ្ឋដែលបានទិញផ្ទះល្វែង និងដីឡូត៍ ពីក្រុមហ៊ុនបុរី វីអាយភី ខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ។
ក្រោយពីបានពិភាក្សាគ្នារួចមក អង្គប្រជុំបានឯកភាពគ្នាចំនួន៤ចំណុច ក្នុងនោះរួមមាន៖ ១-រដ្ឋបាល ខណ្ឌដង្កោ ត្រូវដឹកនាំក្រុមការងារ ដែលមានការចូលរួមពីទីចាត់ការកិច្ចការច្បាប់ និងសិទ្ធិមនុស្ស នៃរដ្ឋបាលរាជធានីភ្នំពេញ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធ ចុះទៅពិនិត្យទីតាំងផ្ទះ-ដីឡូត៍ ដើម្បីធ្វើការផ្ទៀងផ្ទាត់ស្ថិតិរបស់ប្រជាពលរដ្ឋ និងស្ថិតិរបស់ក្រុមហ៊ុនបុរី វីអាយភី ចាប់ពីគម្រោងទី១ ដល់គម្រោងទី៦ ឱ្យបានច្បាស់លាស់ រួចរាយការណ៍ជូនមករដ្ឋបាលរាជធានីភ្នំពេញ។
២- ស្នើឱ្យនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវធ្វើការងារនេះ ជាមួយម្ចាស់បំណុលផ្ទាល់ថា តើក្រុមហ៊ុនបានសងទៅម្ចាស់បំណុលបានប៉ុន្មានហើយ រួចមកផ្ទៀងផ្ទាត់បំណុលរបស់ក្រុមហ៊ុនបុរី វីអាយភី ដើម្បីពិនិត្យមើលអតិថិជនរូបណា ដែលបានអនុវត្តតាមកិច្ចសន្យា និងមិនបានអនុវត្តតាមកិច្ចសន្យាជាមួយក្រុមហ៊ុន ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយជូនពួកគាត់ ។ ៣- ក្រោយពីប្រជុំរួច រដ្ឋបាលខណ្ឌត្រូវយកលទ្ធផល នៃកិច្ចប្រជុំថ្ងៃនេះទៅធ្វើការផ្សព្វ ផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឱ្យរក្សាភាពស្ងៀមស្ងាត់ ដោយទុកឱ្យអាជ្ញាធរសម្របសម្រួល ដោះស្រាយជាមួយភាគីពាក់ព័ន្ធ ។ ៤- បន្ទាប់ពីបានលទ្ធផលខាងលើ អង្គប្រជុំនឹងប្រជុំម្តងទៀត នៅសប្តាហ៍ទី៤ នៃខែមិថុនា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ៕

.j.jpg)