ខេត្តព្រះសីហនុ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម និងជំងឺគ្រុនឈិក នៅក្នុងក្រុងព្រះសីហនុ ហើយដោយមានការខ្វល់ខ្វាយនិងយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងក្រុង/ខេត្តព្រះសីហនុ ដោយឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជាខេត្តព្រះសីហនុ បានចាត់ឱ្យលោក គាំ សុខុម នាយកសាខា និងមន្រ្តីសាខា ដឹកនាំអ្នក ស្មគ្រ័ចិត្ត អាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ទីរសុខាភិបាលខេត្តក្នុងការចុះទៅចងបដាផ្សព្វផ្សាយ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានរៀបចំធ្វើឡើងនៅថ្ងៃអង្គារ ទី១១ ខែកក្ដដា ឆ្នាំ២០២៣។
នាឱកាសនោះផងដែរបើតាមឲ្យដឹងពីលោក គាំ សុខុម នាយកសាខា បានមានប្រសាសន៍ថា ក្នុងយុទ្ធនាការផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម និងជំងឺគ្រុនឈិក ដោយមានគោលបំណងដើម្បីការពារបង្ការជំងឺគ្រុនឈាម និងជំងឺឈឺកគន់ហ្គន់យ៉ា (Chikunngunya) ដែលហៅថាជំងឺគ្រុនឈិក អាចឆ្លងតាមរយៈមូសខ្លាញីខាំ ហើយក្នុងយុទ្ធនាកានេះសាខាកាកបាទក្រហមបានប្រើប្រាសនូវ ផូស្ទើរបិទ បដាចង និងប្រើឧឃោសនស័ព្ទ ក្នុងការផ្សព្វផ្សាយយុទ្ធនាការ ដោយធ្វើឡើងទៅតាមក្រុមនីមួយៗគ្រប់ភូមិ ក្នុងក្រុងព្រះសីហនុ ដើម្បីអោយប្រជាពលរដ្ឋយល់ដឹងដូចជា៖ ១-ចូលរួមកំចាត់ដង្កូវទឹក មូសខ្លា និងធានាថា មិនមានដង្កូវទឹក នៅក្នុងបរិវេណផ្ទះសំបែង តាមរយៈការកម្ទេចចោល និងលុបបំបាត់ចោល នូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ ដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់ សំបកដប សំបកដូង និងវត្ថុអាចដក់ទឹកដទៃផ្សេងទៀត ដែលនៅជុំវិញបរិវេនផ្ទះរបស់លោកអ្នក ត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗ សម្រាប់ស្ដុកទឹក ធ្វើឲ្យបានពីរដង ក្នុងមួយសប្ដាហ៍ ឬដាក់ថ្នាំអាបែត ត្រីប្រាំពីរពណ៌ ឬគ្រប់ឲ្យបានត្រឹមត្រូវនូវពាង អាងទឹក ធុង ក្រឡ ថូផ្កា ចានទ្រជើងទូ។ល។
២-ត្រូវកំចាត់សត្វមូសខ្លា តាមរយៈរៀបចំសម្ភារៈក្នុងផ្ទះឱ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់គម្ពោតព្រៃស៊ុបទ្រុបជុំវិញផ្ទះ និងចូលរួមសហការជាមួយភ្នាក់ងារសុខាភិបាល ក្នុងករណីមានការបាញ់ថ្នាំសម្លាប់មូស។
៣-ត្រូវការពារខ្លួន កុំឲ្យមូសខ្លាញីខាំតាមរយៈ ការដេកក្នុងមុង(ទាំងថ្ងៃយប់)ស្លៀកពាក់ខោអាវវែងៗ មិនត្រូវអង្គុយ ឬសំរាកនៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ។
៤-បច្ចុប្បន្នករណីជំងឺគ្រុនឈាម និងជំងឺគ្រុនឈិក ចម្លងបងប្អូនប្រជាពលរដ្ឋមិនថាក្មេងឬចាស់នោះទេ ហើយត្រូវស្វែងរក សេវាថែទាំសុខភាព ដែលនៅជិតអ្នកបំផុត ដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសារណាម្នាក់ របស់អ្នកមានសញ្ញា ឬសញ្ញណជំងឺ ដូចជា(ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សុំផ្សេងទៀត ដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម។
លោក គាំ សុខុម នាយកសាខា បានបន្តទៀតថាគ្រប់ករណីសង្ស័យជំងឺគ្រុនឈាម និងជំងឺគ្រុនឈិក មិនត្រូវសាកល្បងព្យាបាលដោយខ្លួនឯង ឬការប្រើប្រាស់ថ្នាំប្រភេទ អាស្ពីរីន ឬអ៊ីប៉ុយព្រូហ្វែន ជាដាច់ខាត និងមិនត្រូវស្វែងរក សេវាថែទាំសុខ ភាពណា ដែលមិនមានជំនាញវិជ្ជាជីវៈ ធ្វើការពិនិត្យព្យាបាលជំងឺគ្រុនឈាម និងជំងឺគ្រុនឈិក ឡើយ ជាមួយគ្នានោះលោក គាំ សុខុម និងក្រុម ការងារទាំងអស់នៅតែបន្តអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកឡើងវិញ ដោយក្នុងការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ឬក្រមាឲ្យ បាន ជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕



