ព្រះសីហនុ៖ ក្រុមការងារវិស័យទេសចរណ៍ ដែលមកពីបណ្ដាមូលដ្ឋានអាជីវកម្មទេសចរណ៍ អាជីវ កម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង១ពាន់នាក់ នៅក្នុងក្រុងព្រះសីហនុ បានជួបជុំសំណេះសំណាល នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ក្រោមការចូលរួមពី ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ បានលើកថា ការជួបជុំជាមួយបងប្អូននាថ្ងៃនេះ គឺដោយប្រទេសមានសន្តិភាពក្រោមការដឹកនាំរបស់គណបក្សប្រជា ជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដូចនេះដើម្បីបន្តគាំទ្រគោលន យោបាយ មានការអភិវឌ្ឍ មានសុខសន្តិភាពជូនប្រទេសកម្ពុជា សូមឲ្យសមាជិកដែលមកពីបណ្ដាមូលដ្ឋានអាជីវកម្មទេសចរណ៍ អាជីវកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ គាំទ្របោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យបានគ្រប់គ្នា ដើម្បីបន្តការដឹកនាំកម្ពុជា ឆ្ពោះទៅការអភិវឌ្ឍថ្មីៗបន្ថែមទៀត។
ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ក៏បានកោតសរសើរចំពោះលោក នី ផល្លី ប្រធានក្រុមការងារទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយក្រុងព្រះសីហនុ ដែលបានចងក្រងបង្កើតជាសមាគមទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ ដែលបានចូលរួមសហការជាមួយអាជ្ញាធរខេត្តក្នុងការគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានដឹកនាំឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍ ក្នុងនោះវិស័យទេសចរណ៍ ក៏បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញ និងការអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តម ក៏បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានកំណត់យកខេត្តព្រះសីហនុជាខេត្តប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់របស់កម្ពុជា ដែលមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តមណ្ឌល គិរី កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តប៉ៃលិន ។ បច្ចុប្បន្នខេត្តព្រះសីហនុ កំពុងស្រូបទាក់ទាញវិស័យទេសចរណ៍ដោយមានធនធានសមុទ្រ ដែលជាធនធានមិនចេះរីងស្ងួតទាំងដីកោះទាំងដីគោក និង ធនធានបាតសមុទ្រ ជាមួយគ្នានោះ ក៏មានរោងចក្រសហគ្រាសបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋ ៧ម៉ឺននាក់សម្រាប់ខេត្តព្រះសីហនុ វិស័យទាំងអស់នេះ ដែលយើងត្រូវចូលរួមការពារថែរក្សាដើម្បីបង្កើនប្រាក់ចំណូល ក្នុងគ្រួសារកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ឯកឧត្តម សាយ សំអាល់ បញ្ជាក់ថា សេវាកម្មទេសចរណ៍គឺជាប្រភពចំណូលដ៏សំខាន់ មិនចេះរាងស្ងួត ហើយខេត្តព្រះសីហនុ បានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ផ្លូវថ្នល់ធំទូលាយល្អស្អាត មានសាលារៀនមន្ទីរពេទ្យទឹកស្អាត ស្ថានីយអាងចម្រុះទឹកកខ្វក់ ភ្លើង កំពង់ផែអន្តរជាតិព្រលានយន្តហោះ ផ្លូវដែក ផ្លូវល្បឿនលឿន ទាំងអស់នេះជាមូលដ្ឋានដ៏ចម្បង សម្រាប់ខេត្តព្រះសីហនុ ហើយការចូលរួមរបស់សមាគមន៍ទេសចរណ៍ជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជា នាពេលនេះគឺជារឿងសំខាន់ដែលយើងត្រូវចូលរួមដើរទន្ទឹមគ្នា ដើម្បីសម្រេចគោលដៅយើងទាំងអស់ គ្នា ក្នុងការអភិវឌ្ឍសង្គមជាតិ ជាពិសេសក្នុងខេត្តព្រះសីហនុ ឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើន ដោយយើងមិនត្រូវការពួកជ្រុលនិយមដែលបង្ករអសន្តិសុខ ញុះញង់បំភ្លេចបំផ្លាញការអភិវឌ្ឍនិងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ក្នុងខេត្តព្រះសីហនុនោះទេ យើងត្រូវការតែអ្នកធ្វើពិតទាក់ទាញអ្នកវិនិយោគ បង្កើតរោងចក្រសហគ្រាស ឱកាសការងារ សន្តិសុខសុវត្ថិភាព ការរស់នៅ របស់ប្រជាពលរដ្ឋប្រកបដោយភាពសុខសាន្ត ដូចនាពេលបច្ចុប្បន្ន នឹងទៅអនាគតក្រោមម្លប់សន្តិភាព របស់គណបក្សប្រជាជនកម្ពុជា៕ មន្ទីរព័ត៌មានខេត្តព្រះសីហនុ

