ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយថ្នាកដឹកនាំ និងមន្ត្រី ក្រឡាបញ្ជី នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពត
==================
នារសៀលថ្ងៃសុក្រ ១រោច ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៣:១៥នាទី ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំប្រតិភូក្រសួងយុត្តិធម៌ ជួបប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រី ក្រឡាបញ្ជី នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពត។
កិច្ចប្រជុំសំណេះសំណាលនេះមានការចូលរួមជាគណៈអធិបតីពី ឯកឧត្តម លាង សំណាត់ ប្រធានសាលាដំបូងខេត្ត កំពត ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត លោក ទិត សារឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ លោកស្រី ស្មាន់ វណ្ណធីតា ប្រធាននាយកដ្ឋានក្រឡាបញ្ជី លោក ហ៊ឹម វ៉ិចតេលា ប្រធាននាយកដ្ឋានអាជ្ញាសាលា ឯកឧត្តម ទួន សុខុន ទីប្រឹក្សាអម និងសហការីនៃក្រសួងយុត្តិធម៌ លោកប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង លោក លោកស្រី និងមន្ត្រី ក្រឡាបញ្ជី សរុបចំនួន៧៥រូប និងមានរបៀបវារៈចំនួន៤ដូចខាងក្រោម៖
១. ការពិនិត្យវឌ្ឍនភាពការងារ
២. បញ្ហាប្រឈម
៣. សំណូមពរ និង
៤. យន្តការដោះស្រាយចំពោះសំណូមពរ
តាមរយៈនេះ ឯកឧត្តម សួន វិសាល ក៏បាននាំមកនូវពាក្យផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដល់ថ្នាក់ដឹកនាំនៃស្ថាប័នតុលាការ និងមន្រ្តីក្រឡាបញ្ជីទាំងអស់ដែលមានវត្តមានក្នុងអង្គប្រជុំទាំងមូល។ កិច្ចប្រជុំនេះទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូង ព្រមទាំងមន្ត្រីតុលាការ ប្រកបដោយបរិយាកាសស្និទស្នាល និងរីករាយយ៉ាងក្រៃលែង រួមទាំងបានទស្សនកិច្ចស្ថាប័នតុលាការ សាលសវនការ បន្ទប់ធ្វើការរបស់ថ្នាក់ដឹកនាំ និងមន្ត្រីតុលាការដោយទទួលបានលទ្ធផលលើសពីការរំពឹងទុក។




