រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំឱ្យពិនិត្យតម្លៃធ្វើលិខិតឆ្លងដែនឡើងវិញ ខណៈកម្ពុជាហាក់​មាន​តម្លៃខ្ពស់​ជាងគេក្នុងតំបន់
យើងខ្ញុំ សូមស្វាគម ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"
គេហទំព័រ (DARASTP-TVONLINE) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំឱ្យពិនិត្យតម្លៃធ្វើលិខិតឆ្លងដែនឡើងវិញ ខណៈកម្ពុជាហាក់​មាន​តម្លៃខ្ពស់​ជាងគេក្នុងតំបន់

 ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំ​មន្ដ្រី​ក្រោមឱវាទទាំងអស់ បន្ដពិនិត្យឡើងវិញអំពីតម្លៃធ្វើលិខិតឆ្លងដែន ខណៈប្រទេស​កម្ពុជា​ហាក់មានតម្លៃខ្ពស់ជាងគេ បើប្រៀបធៀបជាមួយប្រទេសក្នុងតំបន់អាស៊ាន។ ការ​ណែនាំរបស់ឯកឧត្តមអភិសន្ដិបណ្ឌិតបែបនេះ ក្នុងពិធីសំណេះសំណាលថជាមួយ ថ្នាក់ដឹក​នាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់អគ្គនាយក និងប្រធាននាយកដ្ឋាន​ចំណុះ​ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិសន្ដិបណ្ឌិត បានគូសបញ្ជាក់ថា៖​«សូមពិនិត្យឡើងវិញ​នូវ​តម្លៃ​ការ​ធ្វើ​លិខិតឆ្លងដែន ជាពិសេសពិនិត្យនៅប្រទេសក្នុងតំបន់អាស៊ានរបស់យើង ដូចជា ភូមិមា វៀតណាម មានតម្លៃទៀប។ មួយទៀត ប្រទេសថៃ ប្រទេសសិង្ហបុរី លើស​មធ្យម​តិចតួច។ ប៉ុន្ដែ​ចំណែកកម្ពុជារបស់យើង តម្លៃហាក់ដូចមានភាពខ្ពស់ សូមឱ្យអង្គភាព​ពាក់ព័ន្ធ ពិនិត្យ ពិចារណា ហើយការងារនេះ យើងដឹងទាំងអស់គ្នាថា មិនក្រោម ១០០​ដុល្លារ​ទេ»។ ឯកឧត្តម​អភិសន្ដិបណ្ឌិតបានជំរុញដល់មន្ដ្រីក្រោមឱវាទទាំងអស់ ធ្វើយ៉ាង​ណា​ផ្ដល់ភាព​កក់ក្ដៅជូនប្រជាពលរដ្ឋ កុំឱ្យពីមួយអាណត្តិ ទៅមួយអាណត្តិ ការធ្វើលិខិត​ឆ្លង​ដែនមានការ​ឡើងថ្លៃរហូត។

ឯកឧត្តមអភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្រ្ដីបានរម្លឹកថា ក្រោមការដឹកនាំរបស់ សម្ដេចក្រឡាហោម ស ខេង អស់រយៈពេល ៦ អាណត្តិ កន្លងមក ក្រសួង​មហាផ្ទៃ គឺ​សម្រេច​​បានសមិទ្ធផលធំៗជាច្រើន ដែលជាមូលគ្រឹះដ៏រឹងមាំសម្រាប់ថ្នាក់ដឹកនាំជំនាន់​ក្រោយរបស់ក្រសួង ឈានទៅសម្រេចបានបេសកកម្មធំៗជាបន្ដបន្ទាប់ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភានេះ។ ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យ​មន្ដ្រីក្រោម​ឱវាទ បន្ដពង្រឹងក្រមសីលធម៌ គោរវិន័យឱ្យបានខ្ជាប់ខ្ជួន «កុំពើងទ្រូង កុំក្រអើតក្រទម» និងជំរុញក្រុមការងារទាំងអស់ធ្វើឱ្យមានប្រសិទ្ធភាពកាន់តែខ្លាំងថែមទៀត។

ឯកឧត្តមអភិសន្ដិបណ្ឌិតបានអះអាងថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បន្ដអនុវត្តន៍ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ទៅតាមតួនាទី ភារកិច្ចរបស់ខ្លួន ដូចជា បន្ដដំណើរការងាររបស់ខ្លួនប្រកបដោយនិរន្ដរ៍ភាព ជាមួយការបន្ដពង្រឹងការទទួលខុសត្រូវ សមត្ថភាព គុណភាព និងភាពជាប្រចាំស្របតាមផែនការយុទ្ធសាស្ដ្រដែលបានគ្រោងទុក។ លើសពីនេះទៀត បន្ដទំនាក់ទំនងល្អដោយបរិយាបន្ន និងស័ក្ដិសិទ្ធិភាព ក្នុងការបម្រើការងារទាំងក្នុងអង្គភាព និងក្រៅអង្គភាព ប្រកបដោយតម្លាភាព ចីរភាព និងគុណភាព ដើម្បីឆ្លើយតបនឹងតម្រូវការ ពិសេសអភិបាលកិច្ចល្អ ក៏ដូចជាបន្ដកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងអន្ដរជាតិ ដើម្បីចូលរួមចំណែកសម្រេចឱ្យបាននូវផែនការរបស់ក្រសួងមហាផ្ទៃ ព្រមទាំងយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧។


ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានបញ្ជាក់បន្ថែមថា៖ «ថ្នាក់ដឹកនាំក្រសួង មន្ដ្រីរាជការស៊ីវិល មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ បន្ដពង្រឹងក្រមសីលធម៌ គោរវិន័យឱ្យបានខ្ជាប់ខ្ជួន កុំពើងទ្រូង កុំក្រអើតក្រទម និងជំរុញក្រុមការងារទាំងអស់ឱ្យមានប្រសិទ្ធភាពកាន់តែខ្លាំងថែមទៀត និងប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់»។ ឯកឧត្ដមរដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា ថ្នាក់ដឹកនាំតាមផ្នែកអង្គភាពទាំងអស់ នៃក្រសួងមហាផ្ទៃ បង្កើនការយកចិត្ដទុកដាក់ដោះស្រាយបញ្ហា សំណូមពរ ដែលជាការប្រឈមនានារបស់ប្រជាពលរដ្ឋដែលបានផ្ញើមកដោយផ្ទាល់ ឬតាមរយៈការខំមិន តាមបណ្ដាញសង្គមផ្សេងៗពាក់ព័ន្ធអង្គភាពរបស់ខ្លួន កុំចាត់ទុកថារឿងតូចមិនចាត់ការ រឿងធំបានចាត់ការ។ ទន្ទឹមនេះ ឯកឧត្តមអភិសន្ដិបណ្ឌិតបានសង្កត់ធ្ងន់ថា សូមកុំភ្លេចថា កន្ទុយបារីមួយតូច អាចដុតផ្ទះថ្មដ៏ស្កឹមស្កៃឱ្យរលាយបាន ដូច្នេះយើងជាសមត្ថកិច្ច ត្រូវតែបន្ដបំពេញបម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត៕




Previous Post Next Post